ព្រះសីហនុ ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន បានណែនាំដល់មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុ ត្រូវពន្លឿនប្រគល់បណ្ណកម្មសិទ្ធិដីធ្លីទៅដល់មន្រ្ដីក្រុង ស្រុក ដើម្បីបន្តចែកជូនទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម គួច ចំរើន បានណែនាំបែបនេះក្នុងឱកាស ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាករណីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីរកដំណោះស្រាយ និងពន្លឿនការចុះបញ្ជីដីធ្លីឈានដល់ការបិទបញ្ចប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅបំណាច់ឆ្នាំ២០២៣ តាមផែនការដែលបានគ្រោងទុក នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តមអភិបាលខេត្តថ្លែងថា បណ្ណដែលបានចុះហត្ថលេខារួច តែម្ចាស់មិនទាន់មកយកចំនួន ១.៨៨២ បណ្ណក្នុងនោះក្រុងកោះរ៉ូង មានចំនួន ២១ ប័ណ្ណ ព្រៃនប់ មានចំនួន ៨២៣ ប័ណ្ណ ស្រុកស្ទឹងហាវមានចំនួន ៣៨៨ បណ្ណ ស្រុកកំពង់សីលា មានចំនួន ៥០១ ប័ណ្ណ បានចុះហត្ថលេខារួច តែម្ចាស់មិនទាន់មកយកចំនួន ១.៨៨២ បណ្ណ។ ដូច្នេះមន្រ្ដីក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុត្រូវចាត់ចែងចែកជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្ដម បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក ក្នុងនាមគណៈកម្មការសូរិយោដីដឹកនាំធ្វើ និងដោះស្រាយឱ្យបានជាប់ជាប្រចាំ ករណីដីដែលប្រជាជនត្រូវមកបង់ពន្ធ, ជំរុញពន្លឿនការដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស ដើម្បីឈានទៅដល់ការបិទបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្ដតាមផែនការដែលបានគ្រោងទុកនាបំណាច់ឆ្នាំ២០២៣នេះ៕ អត្ថបទៈ គង់ ប៊ុនថា






