
ប្រភពពីភ្នាក់ងារដឹកជញ្ជូនបាននិយាយថា តម្លៃនៃការដឹកជញ្ជូនទំនិញទៅកាន់ប្រទេសអ៊ីស្រាអែល តាមសមុទ្របានកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលបណ្ដាញកុងតឺន័រមួយចំនួនបានដកខ្លួនចេញ ហើយអ្នកផ្សេងទៀតដាក់តម្លៃខ្ពស់ថ្មី ដោយបន្ថែមលើសម្ពាធខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសនេះស្របពេលមានសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា។
អ៊ីស្រាអែល ដែលសេដ្ឋកិច្ចពឹងផ្អែកលើពាណិជ្ជកម្មតាមសមុទ្របាននិយាយកាលពីខែតុលាថា ខ្លួននឹងផ្តល់សំណងសម្រាប់នាវាដែលខូចខាតដោយសារសង្គ្រាមជាមួយក្រុមអ៊ីស្លាមហាម៉ាស ទោះបីជាមិនបានបញ្ជាក់លម្អិតថាតើខ្លួននឹងរ៉ាប់រងថ្លៃដឹកជញ្ជូនបន្ថែមឬអត់ក៏ដោយ។
ក្រុមសកម្មប្រយុទ្ធ ហ៊ូធី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែន បានបង្កើនការវាយប្រហារលើនាវានៅសមុទ្រក្រហម ដើម្បីបង្ហាញការគាំទ្រដល់ក្រុមហាម៉ាស បន្ទាប់ពីការចាប់ផ្តើមនៃការវាយលុកយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។
ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានឆ្លើយតបដោយប្ដូរទិសដៅនាវារបស់ពួកគេជុំវិញតំបន់ឆ្នេរ ខេប អហ្វ ហ្គូដហូប (Cape of Good Hope) របស់អាហ្រ្វិកខាងត្បូង ឬផ្អាកការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម។ ការវាយប្រហារនោះបានធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតលើក្រុមហ៊ុនដែលនៅតែផ្តល់ការដឹកជញ្ជូនតាមសមុទ្រទៅឱ្យអ៊ីស្រាអែល៕