បន្ទាយមានជ័យ ៖ គ្រឿងញៀនជិត៤០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង និងបន្ទាយមានជ័យ រឹបអូស បានពីក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃ១៦ ខែមិថុនាកន្លងមក ។
កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយ កម្លាំងជំនាញខេត្តបាត់ដំបង ឃាត់ខ្លួនមនុស្សបួននាក់ ខ្មែរបីនាក់ និងជនជាតិថៃម្នាក់ ជាមួយវត្ថុ តាង សង្ស័យថា មានគ្រឿងញៀន ប្រមាណជិត៤០គីឡូក្រាម នៅក្នុងក្រុងប៉ោយប៉ែត។
មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ មួយនេះ បានធ្វើឡើងនៅចំណុចផ្ទះល្វែង១កន្លែង ដែលស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាទីតាំងជនល្មើសស្នាក់នៅ និងត្រួតពិនិត្យឃើញមានវត្ថុតាង សង្ស័យគ្រឿងញៀន ដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ ដែលមានពណ៌ទឹកមាស មានរូបសញ្ញា ផ្កាយ៥ ដើម្បីបំភាន់ភ្នែកមហាជន និងសមត្ថកិច្ច។
ប្រភពពីនគរបាល បានបញ្ជាក់ថា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមាន ស្រី១នាក់ជាជនជាតិថៃ។
ប្រភព បានឱ្យដឹងទៀតថា នាព្រឹកថ្ងៃដដែលនេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ បោន សីហា អធិការស្ដីទី នគរបាល ក្រុងប៉ោយប៉ែត បានបន្តដឹកនាំកងកម្លាំងនគរបាលមន្ត្រីជំនាញ សហការជាមួយសមត្ថកិច្ច ស្រុកម៉ាឡៃ ចុះ ស្រាវជ្រាវរុករកទីតាំងមុខសញ្ញា រក្សាទុកគ្រឿងញៀន បានជាបន្តបន្ទាប់ ដែលជាបក្សពួករបស់ជនល្មើស។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនទៅ ថ្នាក់លើ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ បាន សុរិទ្ធ


