
សេវាកម្មអគ្គិភ័យជនបទ(RFS)របស់អូស្រ្តាលី បាននិយាយថា នៅថ្ងៃអង្គារនេះ ភ្លើងឆេះព្រៃដ៏ធំលែងអាចគ្រប់គ្រងបានទៀតហើយនៅតំបន់ព្រៃ Pilliga State ស្ថិតនៅចម្ងាយ ៤២០គ.មភាគពាយ័ព្យទីក្រុងស៊ីដនី និងបង្កើតបានជាព្យុះផ្គររន្ទះដោយខ្លួនឯង ។
រូបភាពវីដេអូឃ្លីបបញ្ចេញដោយ RFS ឃើញភ្លើងឆេះព្រៃនៅជិតព្យុះផ្គររន្ទះ ស្របពេលដែលគុណភាពខ្យល់នៅទីក្រុងស៊ីដនី និងតំបន់ Hunter ស្ថិតក្នុងរដ្ឋ New South Wales បានធ្លាក់ចុះ ។
យោងតាមការអះអាងរបស់ RFS បានឲ្យដឹងថា សំណុំផ្សែងរសាត់អណ្តែតលើផ្ទៃដីរាប់រយគ.មចេញពីភ្លើងឆេះព្រៃលើផ្ទៃដីប្រហែល ១៣៦.០០០ហិចតា នៅទូទាំងតំបន់ភាគខាងជើងរដ្ឋ New South Wales ដែលជាផ្ទៃដីមានទំហំជិតស្មើទីក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេស ។
ពួកគេបន្តថា ខ្យល់បក់ពីទិសខាងត្បូងនៅពេលល្ងាច នឹងចាប់ផ្តើមសម្អាតផ្សែងពុលទាំងអស់នេះ ។
ដោយឡែក លោក Heath Stimson គឺជាអគ្គនាយក RFS និយាយថា ស្របពេលដែលកិច្ចខិតខំពន្លត់ភ្លើងឆេះព្រៃជួបការលំបាកខ្លាំង អំឡុងពេលព្យុះនៅពេលយប់ ពួកយើងសង្ឃឹមថាភ្លៀងធ្លាក់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងជួយទប់ស្កាត់ភ្លើងឆេះព្រៃ ។
លោកបន្តថា នៅមានការងារច្រើនទៀតត្រូវធ្វើសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ដើម្បីធានាដល់ការទប់ស្កាត់ភ្លើងឆេះព្រៃ នាំមកវិញការស្តា និងសុវត្ថិភាពនៅក្នុងតំបន់សហគមន៍ដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ ៕