
កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមជីវពលហាម៉ាស់ បានបញ្ចេញរូបភាពវីដេអូថ្មីឃើញចំណាប់ថ្នូរអ៊ីស្រាអែលវ័យចំណាស់ ៣នាក់ ដែលអង្វរសុំការដោះលែងពួកគេ ។
បុរសនៅកណ្តាលគេ បានផ្តល់អត្តសញ្ញាណខ្លួនគាត់ថាមានឈ្មោះ Chaim Peri អាយុ ៧៩ឆ្នាំ ហើយគាត់និយាយថា គាត់ត្រូវបានគេចាប់ខ្លួនជាមួយចំណាប់ថ្នូរវ័យចំណាស់ផ្សេងទៀតដែលមានជំងឺរ៉ាំរ៉ៃ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
យោធាអ៊ីស្រាអែល បានថ្កោលទោសវីដេអូរបស់ក្រុមហាម៉ាស់ និងបានចាត់ទុកថាជាវីដេអូភេរវកម្ម និងឧក្រិដ្ឋកម្ម ដែលបង្ហាញពីអំពើឃោឃៅរបស់ក្រុមហាម៉ាស់លើជនស្លូតត្រង់ គ្មានកំហុស មនុស្សវ័យចំណាស់ដែលត្រូវការការថែទាំសុខភាព ។
ចំណាប់ថ្នូរម្នាក់ទៀតដែលឃើញនៅក្នុងវីដេអូដែរនោះ គឺជាលោក Yoram Metzger វ័យ ៨០ឆ្នាំ ។
អ្នកស្រី Ayala ដែលជាកូនប្រសារស្រីរបស់គាត់និយាយថា វីដេអូនេះ បានធ្វើឲ្យគ្រួសាររបស់គាត់មានអារម្មណ៍ច្របូកច្របល់ ។
អ្នកស្រីនិយាយថា ពួកយើងសប្បាយចិត្តពេលមើលឃើញពួកគាត់នៅរស់ ពេលមើលឃើញពួកគាត់មិនកើតអី អង្គុយ ជជែកគ្នា ពួកគាត់គឺជាមនុស្សដែលខ្ញុំស្គាល់ ប៉ុន្តែពួកគាត់ស្រកទម្ងន់ និងមើលទៅខ្យោយកម្លាំងខ្លាំងណាស់ ។
អ្នកស្រី Ayala ជាមួយសមាជិកគ្រួសារផ្សេងទៀតរបស់ចំណាប់ថ្នូរអ៊ីស្រាអែល បាននាំគ្នាតវ៉ានៅជិតក្រសួងការពារជាតិអ៊ីស្រាអែល ស្ថិតនៅក្នុងទីក្រុងតែល អាវីវ ជាកន្លែងដែលក្រុមមន្រ្តីបានជួបរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ៕