កំពត ៖ មន្ត្រីជំនាញ បានលើកឡើង ថាតម្រូវការសាច់នៅលើទីផ្សារខេត្តកំពត មានការធ្លាក់ចុះដោយសារពេលរដ្ឋមិនសូវហានចូលផ្សារ ព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩។ បើតាមអាជីវករលក់សាច់ជ្រូកថា ការលក់សាច់ជ្រូកបច្ចុប្បន្នធ្លាក់ចុះ ប្រមាណ៣ ភាគរយ ធៀបនឹងការលក់កាលពីមុនផ្ទុះកូវីដ-១៩ ។
ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តកំពត លោក ម៉េង សន្តិភាព បានប្រាប់ឲ្យដឹងថា ចាប់ពីមានការផ្ទុះកូវីដ-១៩ ចំនួនអ្នកឆ្លងនៅកាស៊ីណូ បានកើនឡើង តម្រូវការសាច់នៅលើទីផ្សារខេត្តកំពត បានថយចុះច្រើន ជាពិសេសសាច់ជ្រូក ដោយសារការភ័យខ្លាចកូវីដ-១៩ , អាជីវករខ្លះបិទតូប ហើយប្រជាពលរដ្ឋមួយចំនួនបានចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ ភាគច្រើនមិនហ៊ានចូលផ្សារធំៗ ដែលមានមនុស្សច្រើនអ៊ូអរនោះទេ។
លោក បានបន្តទៀតថា ជាធម្មតា តម្រូវការសាច់នៅលើទីផ្សារខេត្តកំពតប្រើប្រាស់ សរុបប្រមាណ ២៧០តោនក្នុងមួយខែ។ ប៉ុន្តែសម្រាប់ខែនេះ ទោះមិនទានបានបូកទិន្នន័យរួចរាល់ ក៏អាចវាយតម្លៃដឹងមុនថា មានការថយចុះច្រើន ដោយសារតម្រូវការសាច់ជ្រូកបានថយចុះខ្លាំង។
អាជីវករលក់សាច់ជ្រូកនៅផ្សារជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា ការផ្ទុះជំងឺកូវីដ-១៩ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ធ្វើឲ្យផ្សារស្ងប់ស្ងាត់ណាស់ ពីមុនលក់អស់សាច់ជ្រូកពីរក្នុងមួយថ្ងៃ តែឥឡូវសាច់ជ្រូកមួយចំហៀងលក់មិនអស់ ហើយតម្លៃក៏ចុះថោកជាងមុនដែរ។
យ៉ាងណាក៏ដោយ ស្ថិតនៅក្នុងបរិបទកូវីដ-១៩នេះ ក្រសួងកសិកមុ្ម ពិសេសប្រធានមន្ទីរកសិកម្មខេត្តកំពត បានជំរុញមន្ត្រីជំនាញ ឲ្យចុះទៅជួយលើកទឹកចិត្ត និងផ្តល់លក្ខណៈបច្ចេកទេស ដល់កសិករ និងម្ចាស់កសិដ្ឋានចិញ្ចឹមសត្វឲ្យបានច្រើន ពិសេសតាមដានទប់ស្កាត់ជំងឺឆ្លង ពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងសាច់នៅតាមសត្តឃាតដ្ឋាន និងទីផ្សារនានាទូទាំងខេត្ត៕
អត្ថបទ ៖ អន សារឹម