
អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានចោទប្រកាន់អ៊ីស្រាអែលថា បានព្យាយាមបង្អត់អាហារដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដោយលើកហេតុផលកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលអ៊ីស្រាអែល កំពុងប្រើប្រាស់ភាពស្រេកឃ្លានរបស់ជនស៊ីវិល ជាវិធីសាស្រ្តនៃសង្គ្រាម នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
របាយការណ៍របស់ HRW បានចង្អុលទៅការអត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ដែលពិភាក្សាអំពីអ្វីដែលក្រុមនេះអះអាងថាជា «គោលបំណងរបស់ពួកគេ ក្នុងការដកហូតជនស៊ីវិល»នូវទឹក អាហារ និងប្រេងឥន្ធនៈ។ ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើង ក្នុងខែតុលា ដោយមន្ត្រីអ៊ីស្រាអែលភ្លាមៗបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក្រុមហាម៉ាស បានលុកលុយគួរឲ្យភ្ញាក់ផ្អើលចូលក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។
ការវាយប្រហារនោះ បានជំរុញឲ្យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ធ្វើការឡោមព័ទ្ធលើសម្ភារៈចាំបាច់ដូចជាអាហារ ទឹក និងប្រេងឥន្ធនៈ ចូលទៅក្នុងតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) និយាយសំដៅទៅលើការអត្ថាធិប្បាយរបស់លោកជុំវិញការឡោមព័ទ្ធនេះ រួមជាមួយនឹងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir និងរដ្ឋមន្ត្រីថាមពល លោក Israel Katz ដែលអ្នកទាំងពីរ បានបង្ហាញខ្លួន ដើម្បីការពារការបិទផ្លូវលើជំនួយមនុស្សធម៌ បន្ទាប់ពីការចាប់ពង្រត់មនុស្ស របស់ហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។