
ប្រទេសចិន នៅថ្ងៃអង្គារ (ទី១៩ ខែធ្នូ) នេះ បាននិយាយថា ប្រទេសហ្វីលីពីន គឺជាអ្នកទទួលខុសត្រូវ និងបាន «បង្កឡើង» ទាំងស្រុងនូវហេតុការណ៍ប៉ះទង្គិចគ្នាថ្មីៗនេះ រវាងនាវាមកពីប្រទេសទាំង២ នៅសមុទ្រចិនខាងត្បូង។
តែទោះជាយ៉ាងណាក្ដី ក៏អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ជម្លោះដែនសមុទ្រនេះ មិនឆ្លុះបញ្ចាំងពីទំនាក់ទំនង រវាងប្រទេសជិតខាងទាំង២ នោះឡើយ ហើយបានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការពិភាក្សាជាមួយហ្វីលីពីន ដើម្បីដោះស្រាយបញ្ហានានា។
ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង នាពេលថ្មីៗនេះ បានចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការប៉ះទង្គិចនាវា នៅតំបន់ថ្មប៉ប្រះទឹក ដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ដែលបានឃើញនូវការកើនឡើងនៃភាពតានតឹង ជុំវិញការទាមទារ នៅក្នុងផ្លូវទឹកដ៏សំខាន់នេះ។
គួរបញ្ជាក់ដែរថា តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ កាលពីឆ្នាំ២០១៦ បាននិយាយថា ការអះអាងរបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ ជាសេចក្តីសម្រេច ដែលសហរដ្ឋអាមេរិកគាំទ្រ ប៉ុន្តែទីក្រុងប៉េកាំងច្រានចោល៕