
ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសយេម៉ែន បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេនឹងមិនបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហមទេ បើទោះបីជាមានការប្រកាសដោយសហរដ្ឋអាមេរិកអំពីកងកម្លាំងការពារដែនសមុទ្រថ្មីមួយក៏ដោយ។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ូធីលោក Mohammed al-Bukhaiti បាននិយាយនៅលើបណ្តាញសង្គម X ដែលពីមុនជា Twitterនោះថា៖«ទោះបីជាអាមេរិកទទួលបានជោគជ័យក្នុងការប្រមូលផ្តុំពិភពលោកទាំងមូលក៏ដោយ ប្រតិបត្តិការយោធារបស់យើង នឹងមិនបញ្ឈប់ឡើយ...»។
លោក Bukhaiti បាននិយាយថា ក្រុមឧទ្ទាមនឹងបញ្ឈប់ការវាយប្រហាររបស់ពួកគេ លុះត្រាតែ «ឧក្រិដ្ឋកម្ម នៅតំបន់ហ្កាហ្សា ត្រូវបានបញ្ឈប់ ហើយអាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈ ត្រូវបានអនុញ្ញាតឲ្យទៅដល់ប្រជាជនរបស់ខ្លួនដែលត្រូវបានគេឡោមព័ទ្ធនោះ។
លោកបាននិយាយបន្ទាប់ពីប្រមុខមន្ទីរបញ្ចកោណ លោក Lloyd Austin បានប្រកាសពីក្រុមចម្រុះប្រទេសចំនួន ១០ កាលពីថ្ងៃចន្ទ ដើម្បីកម្ចាត់ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់ក្រុមហ៊ូធី លើការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម ដោយមានចក្រភពអង់គ្លេស បារាំង និងអ៊ីតាលី ក្នុងចំណោមប្រទេសចូលរួម «គំនិតផ្តួចផ្តើមសន្តិសុខពហុជាតិនេះ»។
លោក Austin បាននិយាយថា កងកម្លាំងនឹងប្រតិបត្តិការ«ជាមួយនឹងគោលដៅធានានូវសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រទេសទាំងអស់ និងពង្រឹងសន្តិសុខ និងវិបុលភាព ក្នុងតំបន់»។