
នៅថ្ងៃអង្គារនេះ ផ្សែងខ្មៅដ៏ក្រាស់ឃ្មឹកបានផុសពីលើទីតាំងជាច្រើនកន្លែងនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ពេលដែលអ៊ីស្រាអែលបន្តការប្រយុទ្ធរបស់ខ្លួនលើក្រុមជីវពលមួយនេះ ។
ក្រុមមន្រ្តីសុខាភិបាលតំបន់ហ្គាហ្សា និយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហារដោយមីស៊ីលអ៊ីស្រាអែល និងការវាយប្រហារតាមច្រកអាកាសលើតំបន់ Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា ប៉ះចំផ្ទះប្រជាពលរដ្ឋ ៣ខ្នង ដោយបានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ២០នាក់ ។
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយកាលពីថ្ងៃចន្ទថា ជនប៉ាឡេស្ទីន ១៩.៤៥៣នាក់ ត្រូវបានសម្លាប់ និង ៥២.២៨៦នាក់ផ្សេងទៀត បានរងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់បិទច្រកគ្រប់គ្រងដោយក្រុមហាម៉ាស់មួយនេះ ។
ដោយឡែក រដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែលលោក Yoav Gallant បាននិយាយកាលពីថ្ងៃច័ន្ទ ថាអ៊ីស្រាអែល នឹងផ្លាស់ប្តូរជាបណ្តើរៗទៅកាន់ដំណាក់កាលបន្ទាប់នៃប្រតិបត្តិការនៅតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austinពីការប្រយុទ្ធដែលមានកម្រិតទាប និងវិធីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។
លោក Gallant បាននិយាយថា ប្រជាជនក្នុងតំបន់ទំនងជាអាចត្រឡប់ទៅភាគខាងជើងហ្កាហ្សា ដែលជាតំបន់មានប្រជាជនច្រើនជាងគេបំផុតនៃតំបន់ហ៊ុមព័ទ្ធមេឌីទែរ៉ាណេ មុនពេលការលុកលុយរបស់អ៊ីស្រាអែល ក្នុងការសងសឹកចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu សច្ចាថាសម្រេចជ័យជំនះទាំងស្រុងលើក្រុមហាម៉ាស់ដែលក្រុមសកម្មប្រយុទ្ធរបស់ពួកគេ បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៤០នាក់ អំឡុងការវាយឆ្មក់ដ៏គួរភ្ញាក់ផ្អើលរបស់ពួកគេ កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតលើទឹកដីអ៊ីស្រាអែលក្នុងរយៈពេល ៧៥ឆ្នាំកន្លងមកនេះ៕