
អំឡុងជំនួបជាមួយសមភាគីអង់គ្លេសលោក David Cameron នៅទីក្រុងប៉ារីស រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងលោកស្រី Catherine Colonna និយាយថា ប្រទេសរបស់លោកស្រីនឹងចាត់វិធានការជាមួយប្រទេសដៃគូ ដើម្បីបញ្ចប់ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធីនៅក្នុងសមុទ្រក្រហម ។
លោកស្រី Colonna និយាយថា ពួកយើងដឹងច្បាស់ថា ក្រុមឧទ្ទាមហ៊ូធីដែលតែងតែគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីល និងយានដ្រូន ហើយនិងរឹបអូសយកនាវាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
លោកស្រីបន្តថា ទង្វើបែបនេះ ត្រូវតែបញ្ឈប់ ។ អ្នកបានឃើញហើយថា ពួកយើងបានសម្រេចចិត្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកយើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវកម្មនៅក្នុងតំបន់នេះ ក្នុងសមុទ្រក្រហម ។ វិធានការនឹងត្រូវចាត់ ដោយសម្របសម្រួលជាមួយសម្ព័ន្ធមិត្តរបស់ពួកយើង ។
គួរឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បានលូកដៃចូលក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមជីវពលអ៊ីស្លាមហាម៉ាស់ តាមរយៈការវាយប្រហារលើនាវាតាមផ្លូវដឹកជញ្ជូនដ៏សំខាន់ក្នុងសមុទ្រក្រហម ហើយថែមទាំងវាយប្រហារដោយមីស៊ីលជាង ១ពាន់គ្រាប់ និងយានដ្រូនលើអ៊ីស្រាអែល ចេញពីរដ្ឋធានី Sanaa ប្រទេសយេម៉ែន ។
ទាំងលោក Cameron និងលោកស្រី Colonna បាននិយាយយ៉ាងទទួចពីកិច្ចខិតខំបន្ធូរបន្ថយភាពតានតឹងជុំវិញតំបន់ហ្គាហ្សា ក្នុងនោះលោក Cameron គាំទ្រឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយលោកស្រី Colonna និយាយទទួចពីសារៈសំខាន់នៃដំណោះស្រាយរដ្ឋ ២ ។
លោក Cameron បាននិយាយផងដែរថា លើបញ្ហាសង្រ្គាមអ៊ុយក្រែន អង់គ្លេស និងបារាំង នឹងបន្តធ្វើជាអ្នកគាំទ្រប្រទេសញាំញីដោយសារភ្លើងសង្រ្គាមមួយនេះ ដរាបណាដែលសង្រ្គាមនៅតែបន្ត ៕