
មន្ត្រីរបស់ក្រុមហ៊ុនយានយន្ត Hyundai Motor របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី១៩ ខែធ្នូ) នេះ បានឲ្យដឹងថា ខ្លួនគ្រោងនឹងលក់រោងចក្រ នៅប្រទេសរុស្ស៊ី ក្នុងតម្លៃមានតែនាម ៧.០០០រូប្លិ៍ (៧៧,៦៧ដុល្លារ) ដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោកចុងក្រោយបង្អស់ ដែលលក់ធានធាន នៅរុស្ស៊ី ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន។
ក្នុងឯកសារបទប្បញ្ញត្តិ ក្រុមហ៊ុន Hyundai Motor បានឲ្យដឹងថា ខ្លួននឹងខាតបង់ប្រាក់ ២៨៧ពាន់លានវ៉ុន (២១៩,១៩លានដុល្លារ) ជុំវិញការលក់រោងចក្រ ដែលបានផ្អាកប្រតិបត្តិការ តាំងពីខែមីនា ឆ្នាំ២០២២។ ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងស្វែងរកការផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួននៅរោងចក្រ ក្នុងទីក្រុង St. Petersburg នេះ ទៅកាន់ក្រុមហ៊ុន Art-Finance របស់រុស្ស៊ី ហើយរួមបញ្ចូលទាំងជម្រើសទិញត្រឡប់មកវិញ នៅក្នុងកិច្ចព្រមព្រៀង។
ក្រុមហ៊ុន Hyundai Motor កំពុងដើរតាមគន្លងរបស់ក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនផ្សេងទៀត ដែលភាគច្រើន បានលក់ធានធានរបស់ពួកគេនៅរុស្ស៊ី ក្នុងតម្លៃមានតែនាម និងរួមបញ្ចូលជម្រើសនៃការទិញត្រឡប់មកវិញដែលអាចអនុញ្ញាតឲ្យពួកគេត្រឡប់មកវិញ នៅថ្ងៃណាមួយ។
កាលពីខែឧសភា ក្រុមហ៊ុន Volkswagen បានលក់ភាគហ៊ុន ក្នុងទ្រព្យសកម្មរបស់ខ្លួន នៅរុស្ស៊ី ទៅឲ្យក្រុមហ៊ុន Art-Finance ដែលត្រូវបានគាំទ្រដោយក្រុមអ្នកចែកចាយរថយន្ត Avilon៕