
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Volker Turk នៅថ្ងៃអង្គារ (ទី១៩ ខែធ្នូ) បាននិយាយថា រុស្ស៊ីបាន «បរាជ័យយ៉ាងធំធេង» ក្នុងការចាត់វិធានឲ្យបានគ្រប់គ្រាន់ ដើម្បីការពារជនស៊ីវិល ក្នុងប្រទេសអ៊ុយក្រែន ហើយថា មានការចង្អុលបង្ហាញថា កងកម្លាំងរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
លោក Turk ដែលជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា ការត្រួតពិនិត្យពីការិយាល័យរបស់លោក បានបង្ហាញពី «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ការរំលោភធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដោយភាគច្រើនពីសំណាក់កងកម្លាំងនៃសហព័ន្ធរុស្ស៊ី»។
នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Turk បាននិយាយថា ការរំលោភទាំងនេះ រួមមាន ១៤២ករណីនៃការប្រហារជីវិតជនស៊ីវិល ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន ក៏ដូចជាការបាត់ខ្លួនដោយគ្មានដំណឹង ការធ្វើទារុណកម្ម និងការប្រព្រឹត្តិយ៉ាងអាក្រក់ចំពោះអ្នកជាប់ឃុំ ដោយក្នុងរួមទាំងតាមរយៈអំពើហិង្សាផ្លូវភេទផងដែរ។
រុស្ស៊ីបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការប្រព្រឹត្តអំពើឃោរឃៅ ឬកំណត់គោលដៅជនស៊ីវិល នៅអ៊ុយក្រែន។ តែយ៉ាងណា លោក Turk បានលើកឡើងថា៖ «សហព័ន្ធរុស្ស៊ី បានបរាជ័យយ៉ាងធំធេង ក្នុងការចាត់វិធានឲ្យបានគ្រប់គ្រាន់ ដើម្បីការពារជនស៊ីវិល និងការពារកម្មវត្ថុលើស៊ីវិល ប្រឆាំងនឹងផលប៉ះពាល់ពីការវាយប្រហាររបស់ពួកគេ»។
លោកបានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ ប៉ុន្តែជាពិសេសរុស្ស៊ី ចាំបាច់ត្រូវគោរពតាមច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ៕