
រដ្ឋាភិបាល នៅយប់ថ្ងៃចន្ទ (ទី១៩ ខែធ្នូ) បានប្រាប់ថា ការផ្ទុះនៅស្ថានីយប្រេងឥន្ធនៈមួយ ក្នុងរដ្ឋធានី Conakry របស់ប្រទេសហ្គីណេ ដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ ស្លាប់ និង ១៩០នាក់ រងរបួស អាចនាំឲ្យមានការដាច់ចរន្តអគ្គិសនី ខណៈដែលអាងស្ដុកប្រេងភាគច្រើនរបស់ស្ថានីយនេះ មិនអាចប្រើការបានទៀតទេ។
រដ្ឋាភិបាលដែលបានបើកការស៊ើបអង្កេត ដើម្បីកំណត់ពីមូលហេតុ ដែលបណ្តាលឲ្យមានការផ្ទុះនោះ បាននិយាយថា អាងស្តុកប្រេងចំនួន១៣ នៅដេប៉ូ Kaloum មិនអាចប្រើការបានទេ ដោយសារឧបទ្ទវហេតុនេះ ខណៈដែលអាងចំនួន៥ ទៀត មិនរងផលប៉ះពាល់នោះឡើយ។
ដោយប្រាប់បន្ថែមពីការគ្រប់គ្រងលើអគ្គិភ័យបាន ត្រឹមយប់ថ្ងៃចន្ទ រដ្ឋាភិបាល បានជូនដំណឹងដល់ប្រជាជនថា ដោយសារកន្លែងស្តុកប្រេងឥន្ធនៈ ត្រូវបានបំផ្លាញ ការផ្គត់ផ្គង់អគ្គិសនី អាចនឹងរងផលប៉ះពាល់ ដោយមានការដាច់។
សូមបញ្ជាក់ថា ហ្គីណេមិនមែនជាប្រទេសផលិតប្រេងទេ ហើយក៏គ្មានសមត្ថភាពចម្រាញ់ប្រេងដែរ។ ប្រទេសនេះនាំចូលផលិតផលចម្រាញ់ ដែលភាគច្រើនត្រូវបានរក្សាទុកនៅក្នុងស្ថានីយ Kaloum និងចែកចាយតាមរថយន្តទូទាំងប្រទេស៕