ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសចិន បានកើនឡើងដល់ ១២៧នាក់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស ក្រោយការរញ្ជួយដីនៅពេលយប់រំលងអាធ្រាត្រ បានវាយប្រហារភាគពាយ័ព្យប្រទេសចិន ក្នុងតំបន់ដាច់ស្រយាល និងតំបន់ភ្នំ ខណៈមនុស្សជាច្រើនកំពុងលង់លក់ក្នុងដំណេក។ ការរញ្ជួយដីនេះគឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត ដែលប្រទេសចិនបានជួបក្នុងរយៈពេល៩ឆ្នាំមកនេះ។

ក្រុមអាជ្ញាធរបានផ្ដល់ការឆ្លើយតបផ្នែកសង្គ្រោះបន្ទាន់ជាច្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែការងាររបស់ពួកគេមានភាពស្មុគស្មាញ ដោយសារការរញ្ជួយដីបានបំផ្លិចបំផ្លាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ បង្កឱ្យមានបំណាក់ដី និងបានកប់ភូមិមួយដោយផ្នែក។

ការងារជួយសង្គ្រោះក៏បានជួបការលំបាកផងដែរ ខណៈដែលសីតុណ្ហភាពត្រជាក់បានធ្លាក់ចុះក្រោមសូន្យដែលតំបន់ភាគច្រើនក្នុងប្រទេសចិន កំពុងប្រឈមស្ថានភាពត្រជាក់ក្រោមសូន្យ បន្ទាប់ពីរលកត្រជាក់ដ៏ខ្លាំងបានគ្របដណ្ដប់ទូទាំងប្រទេសនេះ។
រដ្ឋាភិបាលបាននិយាយថា ផ្ទះប្រហែល ៤ ពាន់ខ្នងត្រូវបានបំផ្លាញ ហើយភូមិមួយចំនួនបានដួលរលំទាំងស្រុង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោកប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាព នៅក្នុងប្រតិបត្តិការស្វែងរក និងសង្គ្រោះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អ្នកពន្លត់អគ្គិភ័យជិត១.៥០០នាក់ ត្រូវបានបញ្ជូនទៅជួយសង្រ្គោះ ស្របពេលដែលកម្លាំងសង្គ្រោះចំនួន ១.៥០០នាក់ទៀត កំពុងត្រៀម ។មន្ត្រីនិងទាហានជាង៣០០នាក់ក៏ត្រូវបានចល័តដើម្បីជួយសង្គ្រោះក្នុងមហន្តរាយរញ្ជួយដីនេះផងដែរ៕