ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយស្តីពីប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារ បន្ទាប់ពីការសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីបមួយផ្សេងទៀត ដែលបានធ្លាក់នៅភាគខាងលិច កោះហុកកៃដូ របស់ប្រទេសជប៉ុន។

ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប(ICBM) ថ្មីបំផុតរបស់រដ្ឋឯកោមួយនេះកាលពីថ្ងៃចន្ទ ទី១៨ខែ ធ្នូ ដើម្បីវាស់ស្ទង់ការត្រៀមខ្លួនសម្រាប់សង្រ្គាមរបស់កម្លាំងនុយក្លេអ៊ែរ ប្រឆាំងចំពោះការបង្កើនអរិភាពរបស់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការប្រព័ន្ធចែករំលែកទិន្នន័យមីស៊ីលតាមពេលវេលាជាក់ស្តែង។

សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានបង្កើនកម្លាំងសមយុទ្ធយោធារួមគ្នាប្រឆាំងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលបាលីស្ទីកច្រើនគ្រាប់ជាបន្តបន្ទាប់ ហើយកាលពីខែវិច្ឆិកា បានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន។