ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារ (១៩ ធ្នូ) ថារុស្ស៊ី នឹងត្រៀមខ្លួនដើម្បីពិភាក្សាជាមួយអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុប អំពីអនាគតរបស់អ៊ុយក្រែន ប្រសិនបើពួកគេចង់ពិភាក្សា ប៉ុន្តែថាទីក្រុងមូស្គូ នឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។

លោកពូទីន ដែលបានបញ្ជូនទាហានទៅអ៊ុយក្រែនក្នុងឆ្នាំ២០២២ បាននិយាយម្តងហើយម្តងទៀតថាលលោកនឹងត្រៀមខ្លួនដើម្បីពិភាក្សាអំពីសន្តិភាពទោះបីជាក្រុមមន្រ្តីលោកខាងលិច និយាយថាលោកកំពុងរង់ចាំការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា មុនពេលធ្វើការខិតខំប្រឹងប្រែងពិតប្រាកដក៏ដោយ។

លោកពូទីន បានប្រាប់កិច្ចប្រជុំនៃថ្នាក់ដឹកនាំការពារជាតិនៅទីក្រុងមូស្គូថា «ប្រសិនបើអ៊ុយក្រែន អឺរ៉ុប និងសហរដ្ឋអាមេរិក ជាពិសេសអ្នកដែលស្អប់រុស្ស៊ី ចង់ចរចានោះ យើងអនុញ្ញាតឱ្យពួកគេធ្វើបែបនោះ ប៉ុន្តែយើងនឹងធ្វើវាដោយផ្អែកលើផលប្រយោជន៍ជាតិរបស់យើង។ យើងនឹងមិនបោះបង់អ្វីដែលជារបស់យើងទេ»។

ប្រទេសរុស្ស៊ី គ្រប់គ្រងប្រហែល១៧,៥% នៃទឹកដីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃអ៊ុយក្រែន នៅពេលដែលសហភាពសូវៀតដួលរលំនៅឆ្នាំ១៩៩១។
ប្រទេសរុស្ស៊ី បានដាក់បញ្ចូលឧបទ្វីបគ្រីមេក្នុងឆ្នាំ២០១៤ ហើយកាលពីឆ្នាំមុនបាននិយាយថាតំបន់ចំនួនបួនបន្ថែមទៀតរបស់អ៊ុយក្រែនដែលកងទ័ពរបស់ខ្លួនគ្រប់គ្រងដោយផ្នែក គឺជាផ្នែកមួយនៃប្រទេសរុស្ស៊ី។ ទីក្រុងគីវ និយាយថា ខ្លួននឹងមិនឈប់នោះទេ រហូតដល់ទាហានរុស្ស៊ីទាំងអស់ ត្រូវបានបណ្តេញចេញពីអ៊ុយក្រែន៕