ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ ជាប្រចាំឲ្យមានរបៀបរៀបរយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើកសោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាចិញ្ចើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើរជើង ឬ ជនពិការភាព ធ្វើដំណើរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ១១០ ១០៦ .១០៨ .៥១ .១៣ .១៤៤ .១៤៨ បានស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់យកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដូនពេញចំនួន ០២គ្រឿង និងចាក់សោកង់រថយន្តទុកនៅនឹងកន្លែងចំនួន០២គ្រឿង។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចេញសេចក្ដីជូនដំណឹងមួយ លេខ 588/21 សជណ ស្តីពីការបញ្ឈប់ការដាក់តាំងលក់រថយន្តនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ។ យោងតាមសេចក្ដីជូនដំណឹង បានអោយដឹង រដ្ឋបាលខណ្ឌដូនពេញ កន្លងមកបានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅលើទ្រូងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈបានស្អាតជាប្រចាំ៕
អត្ថបទ៖ កុម្ភះ





