រដ្ឋាភិបាលបានព្រមានកាលពីថ្ងៃអង្គារថា ប្រទេសហ្គីណេ នឹងត្រៀមទប់ទល់សម្រាប់ការកាត់ផ្តាច់ថាមពលអគ្គិសនី ខណៈប្រទេសនេះរកមធ្យោបាយដោះស្រាយមហន្តរាយនៃការផ្ទុះឃ្លាំងស្តុកប្រេងបណ្តាលឲ្យមានមនុស្សស្លាប់ នៅស្ថានីយប្រេងក្នុងរដ្ឋធានី Conakry ដែលបានបំផ្លាញអាងស្តុកប្រេង និងបានបង្ខំឲ្យមនុស្សរាប់រយនាក់ភៀសខ្លួនចេញពីលំនៅឋានដែលត្រូវបានបំផ្លាញ។

មនុស្ស ១៤ នាក់បានស្លាប់ និង ១៩០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការផ្ទុះនៅស្ថានីយប្រេងធំរបស់ប្រទេសអាហ្វ្រិកខាងលិច ដែលបានធ្វើឲ្យរង្គើរស្រុក Kaloum ក្នុងទីប្រជុំជន Conakry កាលពីព្រឹក ថ្ងៃចន្ទ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពលើកដំបូងរបស់ខ្លួនអំពីទំហំនៃការខូចខាតស្ថានីយនេះ រដ្ឋាភិបាលបាននិយាយថា អាងស្តុកប្រេងចំនួន១៣អាង ប្រើប្រាស់លែងកើត ខណៈអាងស្តុកចំនួន៥អាងផ្សេងទៀត ពុំមានផលប៉ះពាល់នោះទេ។ ប្រជាជន នៅជិតឃ្លាំង បាននិយាយពីភាពភ័យស្លន់ស្លោរបស់ពួកគេ នៅពេលដែលរលកកំសួលនិងកម្ទេចកម្ទីបានបោកបក់តាមខ្យល់ ធ្វើឱ្យបង្អួចបាក់បែកទាំងកណ្តាលយប់។
នៅតាមស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនកន្លែង មនុស្សជាច្រើនកំពុងតម្រង់ជួរជាច្រើនម៉ោង ដោយសារតែកង្វះប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូនបានហក់ឡើង។ ទំហំនៃកាខូចខាតពីការផ្ទុះនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ ឬថាតើប្រតិបត្តិការរុករករ៉ែ នឹងត្រូវប៉ះពាល់នៅក្នុងក្រុមហ៊ុនផលិតសារធាតុបុកស៊ីតធំបំផុតទីពីររបស់ពិភពលោកដែរឬយ៉ាងណា។ ប្រទេសហ្គីណេ មិនមែនជាប្រទេសផលិតប្រេងនោះទេ ហើយពឹងផ្អែកលើការនាំចូលផលិតផលចម្រាញ់ ដែលភាគច្រើនត្រូវបានស្តុកទុកនៅក្នុងស្ថានីយ Kaloum និងចែកចាយតាមរថយន្តនៅទូទាំងប្រទេស។