តុលាការកំពូលនៃរដ្ឋ ខូឡូរ៉ាដូ (Colorado) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៩ ធ្នូ) បានដកសិទ្ធិអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) មិនឲ្យមានឈ្មោះក្នុងសន្លឹកឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីរបស់រដ្ឋនេះនៅឆ្នាំក្រោយ ជុំវិញតួនាទីរបស់លោកកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្នុងការវាយប្រហារលើវិមានកាពីតូល របស់សហរដ្ឋអាមេរិក ដោយអ្នកគាំទ្ររបស់ខ្លួន។

សេចក្តីសម្រេចនេះ ធ្វើឱ្យលោក ត្រាំ ក្លាយជាបេក្ខជនប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលត្រូវបានចាត់ទុកថាមិនមានសិទ្ធិសម្រាប់គ្រប់គ្រងសេតវិមាន ក្រោមបទប្បញ្ញត្តិដ៏កម្រប្រើនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលរារាំងមន្ត្រីដែលបានចូលរួមក្នុង «ការបះបោរ ឬការប្រឆាំង» មិនឲ្យកាន់តំណែង។

តុលាការបានសម្រេចថា រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក រារាំងបេក្ខជនប្រធានាធិបតីនាំមុខគេសម្រាប់ការតែងតាំងពីគណបក្សសាធារណរដ្ឋនៅឆ្នាំ២០២៤ រូបនេះ ពីការមានឈ្មោះនៅលើសន្លឹកឆ្នោតដោយសារតែតួនាទីរបស់លោកក្នុងការជំរុញឱ្យមានអំពើហិង្សាប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

បណ្ដឹងនេះត្រូវបានបញ្ជូនដោយក្រុមអ្នកបោះឆ្នោតរដ្ឋ ខូឡូរ៉ាដូ ជំរុញដោយក្រុមពលរដ្ឋសម្រាប់ទំនួលខុសត្រូវ និងសីលធម៌នៅទីក្រុងវ៉ាស៊ីនតោន ដែលបានប្រកែកថា លោក ត្រាំ គួរតែត្រូវបានដកសិទ្ធិពីការបោះឈ្នោតជុំវិញការញុះញង់អ្នកគាំទ្ររបស់ខ្លួនឱ្យវាយប្រហារវិមានកាពីតូល ក្នុងការប៉ុនប៉ងដែលបរាជ័យរបស់ខ្លួន ដើម្បីរារាំងការផ្ទេរអំណាចប្រធានាធិបតីទៅលោក ចូ បៃដិន ក្រោយការបោះឆ្នោតឆ្នាំ២០២០៕