ក្រុមបាតុករកាន់តែច្រើនបានចូលរួមបាតុកម្មសប្តាហ៍ទី៣ នៅរដ្ឋធានី ប្រាទីស្លាវ៉ា (Bratislava) របស់ប្រទេសស្លូវ៉ាគី កាលពីថ្ងៃអង្គារ (១៩ ធ្នូ) ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ច្បាប់ព្រហ្មទណ្ឌ ដែលរួមមានការលុបចោលការិយាល័យរដ្ឋអាជ្ញាពិសេសដែលផ្តោតលើអំពើពុករលួយ។

គេហទំព័រព័ត៌មាន ដេននីក (Dennik) បាននិយាយថា មនុស្សពី ១៥.០០០នាក់ទៅ ១៨.០០០នាក់ បានចូលរួមការតវ៉ានោះ ដោយកើនឡើងពីចំនួន ១០.០០០នាក់ កាលពីសប្តាហ៍មុន ដើម្បីថ្កោលទោសការប៉ុនប៉ងរបស់លោកនាយករដ្ឋមន្ត្រី រ៉ូប៊ឺត ហ្វីខូ (Robert Fico) ក្នុងការពន្លឿនសំណើនៅក្នុងសភា ដែលរួមមានការដកការិយាល័យរដ្ឋអាជ្ញាពិសេសសម្រាប់សំណុំរឿងពុករលួយកម្រិតខ្ពស់ ការកំណត់ការការពារដល់អ្នកផ្តល់ព័ត៌មាន និងកាត់បន្ថយការកាត់ទោសសម្រាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។

គណៈកម្មការអឺរ៉ុបបានព្រមានថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងស្លូវ៉ាគី ប្រសិនបើប្រទេសនេះបំពានច្បាប់របស់សហភាពអឺរ៉ុប។

លោក ហ្វីខូ ដែលជានាយករដ្ឋមន្ត្រីបួនអណត្តិ និងបានលាលែងពីតំណែងក្នុងឆ្នាំ២០១៨ ស្របពេលមានការតវ៉ាដ៏ធំប្រឆាំងនឹងអំពើពុករលួយបន្ទាប់ពីការសម្លាប់អ្នកសារព័ត៌មានស៊ើបអង្កេត បានចោទប្រកាន់ការិយាល័យរដ្ឋអាជ្ញាពិសេសថាមានហេតុផលនយោបាយនៅពីក្រោយ ហើយបាននិយាយថាសកម្មភាពរបស់ការិយាល័យនេះបានរំលោភសិទ្ធិមនុស្ស៕