ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្ស៊េលែនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (១៩ ធ្នូ) ថាលោកមានទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងមិន «ក្បត់» ប្រទេសអ៊ុយក្រែន ដោយការពន្យារពេលមូលនិធិដ៏សំខាន់ក្នុងសម័យសង្គ្រាម ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ជំនួយសម្រាប់អ៊ុយក្រែន ត្រូវបានពន្យារដោយគណបក្សសាធារណរដ្ឋនៅក្នុងសភាសហរដ្ឋអាមេរិក ហើយសេតវិមានបានព្រមានថាជំនួយនឹងអស់នៅចុងឆ្នាំ ប្រសិនបើមិនបន្ត។
លោក Zelenskiy បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅទីក្រុងគីវ ថា «យើងកំពុងធ្វើការយ៉ាងមមាញឹកលើបញ្ហានេះ ហើយខ្ញុំប្រាកដថាសហរដ្ឋអាមេរិកនឹងមិនក្បត់យើងទេ ហើយអ្វីដែលយើងបានព្រមព្រៀងគ្នានៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវបានសម្រេចទាំងស្រុង»។

លោកបានបន្ថែមថា ជំនួយផ្នែកហិរញ្ញវត្ថុគឺជាគន្លឹះសំខាន់ក្នុងការការពារអ៊ុយក្រែន ពីការវាយប្រហាររបស់ទីក្រុងមូស្គូ ដែលជិតឈានដល់រយៈពេលពីរឆ្នាំ ហើយមិនមានសញ្ញាណាមួយនៃការធូរស្រាលនោះទេ។

អ៊ុយក្រែនសង្ឃឹមថា នឹងទទួលបានថវិកាចំនួន ៤៣ពាន់លានដុល្លារនៅឆ្នាំក្រោយ ដែលភាគច្រើនរួមជាមួយជំនួយបរទេស ព្រមទាំងថវិកា ១៨,៥ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប និងជាង ៨ពាន់លានដុល្លារពីកញ្ចប់ថវិការបស់សហរដ្ឋអាមេរិក ដែលមានជំនួយយោធាដ៏សំខាន់ផងដែរ៕