ភ្នំពេញ ៖ គិតចាប់ពីមានការតវ៉ា និងស្នើសុំអន្តរាគមន៍ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជុំវិញគម្រោងបញ្ឈប់បុគ្គលិក និងកម្មករនិយោជិតរបស់ក្រុមហ៊ុន ណាហ្គាវើល មិនទាន់ទទួលបានដំណោះស្រាយណាមួយទេ បើទោះបីជាក្រសួងការងារ បានកោះជួបរួចហើយ ទាំងភាគីសហជីពតំណាងបុគ្គលិក និងភាគីក្រុមហ៊ុន។
អ្នកនាង ឈុន សុខា អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើល បានប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកទី១៨ មិថុនា ឆ្នាំ២០២១នេះថា ក្នុងជំនួបជាមួយក្រសួងការងារកាលពីពេលកន្លងទៅ តំណាងសហជីពគ្រាន់តែបំភ្លឺនូវអ្វីដែលមានក្នុងពាក្យបណ្តឹងប៉ុណ្ណោះ ហើយខាងភាគីក្រសួងក៏អត់មាននិយាយអ្វីដែរ ដោយគ្រាន់តែសួរ និងចង់ដឹងព័ត៌មានបន្ថែមពាក់ព័ន្ធទាំង ៥ចំណុចនៃការទាមទារពីក្រុមហ៊ុន។
ទាក់ទងបញ្ហានេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រហស្បតិ៍ បានបញ្ជាក់ថា “ករណីរវាងក្រុមហ៊ុននិងសហជីព កំពុងស្ថិតក្នុងចំណាត់ការ ហើយលទ្ធផលយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ។ ជំនួបជាមួយភាគីទាំងពីរកន្លងមក គ្រាន់តែប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិវាទការងារប៉ុណ្ណោះ។ អ្វីៗ មិនទាន់ដឹងថា យ៉ាងម៉េចនៅឡើយទេ”។
សូមរម្លឹកថា ការស្នើសុំអន្តរាគមន៍ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសមាជិកសហជីពណាហ្គាវើល ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានចាប់ដំណើរការបញ្ឈប់បុគ្គលិកសរុបចំនួនជាង ១ ៣០០នាក់ ក្រោមហេតុផលដើម្បីរក្សាស្ថិរភាពអាជីវកម្មដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ដោយឡែក ការទាមទារ ៥ចំណុចរបស់សហជីព រួមមាន ៖ ១.ទាមទារឲ្យក្រុមហ៊ុនបញ្ឈប់បន្ទាន់នូវគម្រោងកាត់បន្ថយបុគ្គលិក, ២.ទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ការបំភិតបំភ័យបុគ្គលិកតាមរយៈកោះហៅកន្លងមក, ៣.ទាមទារឲ្យក្រុមហ៊ុនផ្តល់ប្រាក់បំណាច់ផ្តាច់កិច្ចសន្យាការងារឲ្យបានត្រឹមត្រូវស្របតាមច្បាប់, ៤.ទាមទារឲ្យក្រុមហ៊ុនបន្តផ្ដល់ឡើងវិញនូវប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកបំណាច់អតីតភាពការងារជូនបុគ្គលិកទាំងអស់ដែលកំពុងបំរើការងារ និង៥.ទាមទារឲ្យក្រុមហ៊ុនអនុវត្តវិធានការសុខាភិបាលនៅកន្លែងការងារឲ្យបានត្រឹមត្រូវស្របតាមការណែនាំក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងក្រុមហ៊ុន៕
អត្ថបទដោយ ឈិត បូរ៉ាវី
