កិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តីកាតា និងប្រធានទីភ្នាក់ងារចារកម្ម ម៉ូសាដ (Mossad) របស់អ៊ីស្រាអែល និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ស្តីពីជំហានដើម្បីដោះលែងចំណាប់ថ្នូរបន្ថែមទៀតដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស មានភាពវិជ្ជមាន ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយកើតឡើងនោះទេ នេះបើតាមប្រភពមួយបានរាយការណ៍សង្ខេបអំពីកិច្ចខិតខំប្រឹងប្រែងការទូតនេះ។

ភាគីពិភាក្សាទាំងបីបានជួបប្រជុំគ្នានៅរដ្ឋធានី វ៉ាសូវី របស់ប្រទេសប៉ូឡូញ ដើម្បីពិភាក្សាអំពីលទ្ធភាពកិច្ចព្រមព្រៀងថ្មីមួយ ក្នុងការធានាការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីននៅក្នុងពន្ធនាគារអ៊ីស្រាអែល និង «ការផ្អាកប្រយុទ្ធមនុស្សធម៌» នៅក្នុងសង្គ្រាមនៅហ្កាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកបាន «បញ្ជូនប្រមុខទីភ្នាក់ងារចារកម្ម ម៉ូសាដ ទៅកាន់អឺរ៉ុបចំនួនពីរដង ដើម្បីលើកកម្ពស់ដំណើរការសម្រាប់ការដោះលែងចំណាប់ថ្នូររបស់យើង» ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលត្រូវបានពិភាក្សានោះទេ។

ប្រទេសកាតា បាននិយាយថាខ្លួនកំពុងប្រឹងប្រែងដើម្បីជួសជុលកិច្ចព្រមព្រៀងបទឈប់បាញ់មនុស្សធម៌ដែលបានដួលរលំបន្ទាប់ពីរយៈពេលមួយសប្តាហ៍កាលពីថ្ងៃទី០១ ខែធ្នូ និងជំរុញឱ្យមានការបញ្ចប់យ៉ាងទូលំទូលាយចំពោះសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលមានរយៈពេលជាងពីរខែ និងដែលបានបង្កគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា មួយនេះ៕