ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានថ្លែងកាលពីថ្ងៃអង្គារថា លោកប្រាកដក្នុងចិត្តថា សហរដ្ឋអាមេរិក នឹងរក្សាការសន្យារបស់ខ្លួន ក្នុងការផ្តល់ជំនួយបន្ថែមរាប់ពាន់លានដុល្លារសម្រាប់ទីក្រុងគីវ ដើម្បីបន្តការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ហើយលោក បានឆ្លើយយ៉ាងចំៗថា “ទេ” ចំពោះសំណួរថាតើប្រទេសរបស់លោក អាចចាញ់សង្រ្គាមឬអត់នោះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំ នៅទីក្រុងគីវ លោក ហ្សេឡិនស្គី ក៏បានច្រានចោលការលើកឡើងដែលថា កងកម្លាំងរបស់ទីក្រុងម៉ូស្គូ បានឈ្នះសង្គ្រាម នៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីភាគច្រើន បានយកឈ្នះលើការវាយបករបស់អ៊ុយក្រែន និងការបង្កើនផលិតកម្មយោធារបស់ខ្លួននោះ។
លោក បាននិយាយថា៖«រុស្ស៊ីបានបរាជ័យក្នុងការសម្រេចបាននូវគោលដៅណាមួយរបស់ខ្លួន» នៅឆ្នាំនេះ ទោះបីជាលោក បានទទួលស្គាល់អ៊ុយក្រែន នៅតែប្រឈមមុខនឹង «បញ្ហាជាច្រើន» បន្ទាប់ពីការចំណាយទៅលើគ្រឿងយុទ្ធោបករណ៍របស់លោកខាងលិច ក្នុងការវាយបក ដែលមិនធ្វើឲ្យមានការចាប់អារម្មណ៍ទៅ លើខ្សែត្រៀមជួរមុខដែលមានចម្ងាយ ១.០០០ គីឡូម៉ែត្រ (៦០០ ម៉ាយ)នោះ។
សភាអាមេរិក បានចាកចេញពីទីក្រុងសម្រាប់ថ្ងៃឈប់សម្រាក ដោយគ្មានកិច្ចព្រមព្រៀង ដើម្បីបញ្ជូនប្រាក់ចំនួន៦១ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ហើយក្រសួងការពារជាតិអាមេរិក បាននិយាយថា ខ្លួនស្ទើរតែអស់ប្រាក់ ដើម្បីជួយទីក្រុងគីវ បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេលជិត ២២ខែ។ សហភាពអឺរ៉ុប ក៏ត្រូវជំរុញទៅក្នុងឆ្នាំថ្មីនូវផែនការផ្គត់ផ្គង់អ៊ុយក្រែនចំនួន ៥៤,៥ ពាន់លានដុល្លារ បន្ទាប់ពីការវេតូពីនាយករដ្ឋមន្ត្រីហុងគ្រី វីកទ័រ អ័របាន (Viktor Orban) ប៉ុន្តែ លោកហ្សេឡិនស្គី បានបញ្ជាក់ថា ខ្លួនមិនព្រួយបារម្ភទេ។