មេដឹកនាំគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅព្រឹទ្ធសភាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចអនុម័តជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែននៅមុនដំណាច់ឆ្នាំនេះបានទេ ខណៈភាគីទាំងពីរនៅតែបន្តស្វែងរកការសម្របសម្រួល។

លោក Chuck Schumer គណបក្សប្រជាធិបតេយ្យ និងលោក Mitch McConnell គណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ខណៈក្រុមអ្នកចរចា ធ្វើការលើបញ្ហាដែលនៅសេសសល់ វាគឺជាក្តីសង្ឃឹមរបស់យើង ដែលថាកិច្ចខិតខំប្រឹងប្រែងនឹងអនុញ្ញាតឱ្យព្រឹទ្ធសភា មានចំណាត់ការយ៉ាងឆាប់រហ័ស នៅដើមឆ្នាំថ្មី។ «នៅក្នុងពេលវេលាដែលនៅសល់ក្នុងឆ្នាំនេះ ព្រឹទ្ធសភា និងក្រុមអ្នកចរចាផ្នែករដ្ឋបាល នឹងបន្តធ្វើការដោយស្មោះត្រង់ឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួន»។

បញ្ហាប្រឈមជាច្រើននៅតែមាន ប៉ុន្តែយើងប្តេជ្ញាដោះស្រាយតម្រូវការនៅព្រំដែនភាគខាងត្បូង និងជួយសម្ព័ន្ធមិត្ត និងដៃគូ ចំពោះការប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ីស្រាអែល អ៊ុយក្រែន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ព្រឹទ្ធសភា នឹងមិនអនុញ្ញាតប្រទេសទាំងនេះ មានបញ្ហាប្រឈមសន្តិសុខជាតិ ដោយគ្មានដំណោះស្រាយនោះទេ។
សេចក្តីប្រកាសពីវិមាន Capitol Hill បានកត់សម្គាល់ពីការលំបាកមួយផ្សេងទៀតសម្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលរដ្ឋាភិបាលរបស់លោក បានព្រមានអំពី «តម្រូវការច្រើនបំផុត សម្រាប់សព្វាវុធនៅមុនរដូវរងា»។
លោក Zelenskyy នៅតែមានសង្ឃឹមដោយនិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក «នឹងមិនក្បត់សន្យានោះទេ» ចំពោះប្រទេសដែលត្រូវបានហ៊ុមព័ទ្ធរបស់លោក។ យោធារបស់អ៊ុយក្រែន បានបរាជ័យក្នុងការបង្កើនការវាយបកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយសម្ពាធរបស់រុស្ស៊ីលើសមរភូមិនៅតែរឹងមាំ។