កណ្ដាល ៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៨ ខែមិថុនានេះ បានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជុំទី១ ដូសទី១ ជូនបងប្អូនកម្មករកម្មការិនី ដែលបំរើការងារនៅតាមបណ្តារោងចក្រនានា ឲ្យហើយរួចរាល់អស់ នៅក្នុងរយៈពេល១សប្តាហ៍ទៀតនេះ។
បើតាមឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែមិថុនានេះថា បច្ចុប្បន្នខេត្តកណ្តាល បានកំពុងពន្លឿនការចាក់វ៉ាក់សាំងដោយបានប្រើប្រាស់ក្រុមពេទ្យជាច្រើន មានក្រុមពេទ្យស្ម័គ្រចិត្តនៅតាមមន្ទីរពេទ្យបង្អែកក្រុងស្រុកនានា ក្នុងខេត្តកណ្តាល ក្រុមពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រុមពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនាទៀ បាញ់ បាននិងកំពុងសហការចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនកម្មករ និងកម្មការិនី កំពុងបំរើការងារនៅតាមបណ្តារោងចក្រនៅក្នុងខេត្តកណ្តាល អោយបានលឿនបំផុត។
ឯកឧត្តម គីម រិទ្ធី បន្តថា មកដល់ពេលនេះ ការចាក់វ៉ាក់សាំងក្នុងចំណោមកម្មករ កម្មការិនីរោងចក្រគឺបានដំណើរការជិតហើយរួចរាល់ ពោលគឺនៅសល់តែ១សប្តាហ៍ទៀតប៉ុណ្ណោះ ការចាក់ដូសទី១ នឹងត្រូវគ្រប់ចំនួន ហើយយើងក៏កំពុងត្រៀមចាក់ដូសទី២ទៀត។
បើតាមបណ្តាកម្មករ ដែលទើបទទួលបានការចាក់វ៉ាក់សាំង បានថ្លែងថា ជាបន្ទាប់ពីតំណាងរោងចក្របានរៀបចំចុះឈ្មោះកម្មករស្ម័គ្រចិត្តចាក់វ៉ាក់សាំង គឺគេម្នាក់ៗមានទន្ទឹងរងចាំចាក់វ៉ាក់សាំងនេះខ្លាំងណាស់ ដើម្បីបង្កើតប្រព័ន្ធការងារខ្លួនបន្ថែមអោយកាន់តែខ្លាំង ខណៈការងារប្រមូលផ្តុំគ្នាធ្វើការងារនៅក្នុងរោងចក្រ គឺមានការប្រឈមហានិភ័យខ្លាំង នឹងការចម្លងមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅខេត្តកណ្តាល បច្ចុប្បន្នគឺបានដំណើរការចាក់បានប្រមាណជាង៥០% ជូនដល់បណ្តាពលរដ្ឋទូទៅ ដែលរស់នៅតាមទីប្រជុំជនតាមបណ្តាក្រុងស្រុក និងកម្មករកម្មការិនីតាមរោងចក្រនានា ខណៈ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅខេត្តកណ្តាល ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ គឺបានកំណត់ចាក់ជូនពលរដ្ឋពលរដ្ឋទូទៅ នៅតាមតំបន់ទីប្រជុំជន និងកម្មករកម្មការិនីរោងចក្រប្រមាណជាង៩០ម៉ឺននាក់៕
អត្ថបទ ស៊ុម សុខជា