ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងចោទប្រកាន់ចំពោះស្ដ្រីម្នាក់ដែលបានចាប់ចងដៃចងជើងក្មួយស្រីរបស់ខ្លួន និងប្រើហិង្សា។
លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះថា ករណីនេះ តំណាងអយ្យការ បានបើកការស៊ើបសួរលើជនសង្ស័យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ មាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី នៅចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានករណីហិង្សាដោយចេតនាលើអនិតិជន ដោយសកម្មភាពចង និងទះកំភ្លៀងលើកុមារី អាយុ៦ឆ្នាំ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុ ដែលត្រូវជាអុំស្រីកុមារីរងគ្រោះ។ មុនពេលកើតហេតុ ជនសង្ស័យបានហៅក្មួយចំនួន០៤នាក់ ហូបបាយជុំគា្ននៅក្នុងនោះ ក៏មានក្មេងស្រីរងគ្រោះផងដែរ ។
ក្រោយពេលហូបបាយរួចជនសង្ស័យបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបានក៏ទាញដៃជនរងគ្រោះចេញពីផ្ទះមកឈរនៅខាងមុខផ្ទះក្រៅរបងរួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នុងផ្ទះចំណែកជនរងគ្រោះក៏បានស្រែកយំ និងយកដៃវាយទ្វាររបងផ្ទះធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបានក៏បើកទ្វាររបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងជើងចងដៃជនរងគ្រោះឲ្យដេកផ្កាប់មុខទៅនិងដី ហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទ្វាររបងផ្ទះចំណែក ជនរងគ្រោះនៅតែស្រែកយំធ្វើឲ្យជនជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀងជនរងគ្រោះចំនួន០៣ដៃទៅលើផ្ទៃមុខ។ សកម្មភាពហិង្សានេះក៏ត្រូវបានអ្នកជិតខាងថតបាន និងចែកចាយតាមបណ្ដាញសង្គម ក្រោយទទួលបានដំណឹងនេះកម្លាំងសមត្ថច្ចកិខណ្ឌឫស្សីកែវ និងនគរបាលប៉ុស្តិ៍ទួលសង្កែ១ បានចេញជួយអន្តរាគមន៍ ដោយឃាត់ជនសង្ស័យអនុវត្តនិតិវិធី ។
សូមបញ្ជាក់ថា ឈ្មោះ ឃុន សុខគីម ភេទស្រីអាយុ៣៦ឆាំ្ន មុខរបរគ្រូពេទ្យ ត្រូវជាម្តាយជនរងគ្រោះ បានយកកូនចំនួន០៤នាក់ ក្នុងនោះក៏មានជនរងគ្រោះម្នាក់ផងដែរ យកទៅឲ្យម្តាយបង្កើត និងបងស្រីដែលត្រូវជាជនសង្ស័យចិញ្ចឹមបីបាច់រៀនសូត្រ រយៈពេល០៤ឆ្នាំមកហើយ មុនឪពុកម្តាយលែងលះគ្នា៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា