ស្របពេលវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា កំពុងមានការវិវត្តន៍ រីកចម្រើនយ៉ាងឆាប់រហ័សជាពិសេសការវិវត្តន៍ទៅក្នុងវិស័យឌីជីលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកដល់បណ្ដាធនាគារនានា ត្រូវយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីបញ្ចៀសហានិភ័យជាយថាហេតុណាមួយពីក្រុមចោរបណ្ដាញអ៊ីនធឺណិត។
ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ ដល់ធនាគារទាំងអស់ត្រូវពិនិត្យលទ្ធភាពក្នុងការផ្ដល់សេវាកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
នៅក្នុងឱកាសនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បន្តទៀតថា សមិទ្ធផលមួយដ៏មានសារៈសំខាន់ គួរជាទីមោទនភាព សម្រាប់ជាមគ្គុទេសក៍ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ គឺ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» ដែលចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។
សម្ដេចធិបតីបញ្ជាក់ថា ក្របខ័ណ្ឌគោលនយោបាយទាំងនេះនឹងមានសារៈសំខាន់សម្រាប់វិស័យធនាគារ នៅកម្ពុជាក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាហិរញ្ញវត្ថុ ។ ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកបដោយចីរភាព៕



