សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើននៅក្នុងវិស័យធនាគាររបស់កម្ពុជា គឺបានចូលរួមចំណែកសំខាន់ក្នុងការគាំទ្រដល់ដំណើរការនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ខណៈរយៈពេលកន្លងមកនេះ ធនាគារវីងបានចូលរួមសំខាន់ក្នុងការបើកប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជាពិសេសនាអំឡុងពេលវិបត្តិកូវីដ-១៩។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបានថ្លែងអបអរសាទរដល់ធនាគារវីង និងបណ្ដាធនាគារផ្សេងៗនៅកម្ពុជា ដែលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំណង់អាគារ និងការសេវារហ័សតាមប្រព័ន្ធឌីជីថលសល់ប្រជាពលរដ្ឋក៏ដូចជាអតិថិជនដែលមានតម្រូវការ។
សម្ដេចធិបតីបានថ្លែងថា ធនាគារវីង ក៏ដូចជាបណ្ដាធនាគារផ្សេងទៀតបានចូលរួមចំណែកជាច្រើនជួយដល់រាជរដ្ឋាភិបាលដោយបានដើរតួនាទីជួយជំរុញនៅក្នុងប្រតិបត្តិការយ៉ាងច្រើនទៅដល់អាជីវករ ពាណិជ្ជករ និយោជិត និងប្រជាជននៅទូទាំងប្រទេសឱ្យមានភាពងាយស្រួលទាក់ទិននឹងសុវត្ថិភាព នៃការទុកដាក់ប្រាក់ និងផ្ទេរប្រាក់ ប្រើប្រៀបធៀនទៅនឹងការផ្ទេរប្រាក់ក្រៅផ្លូវការផ្សេងទៀត។ ប្រតិបត្តិការរបស់ធនាគារទាំងនោះ ក៏បានជួយសម្រួលច្រើនដល់ការកាត់បន្ថយការចំណាយពេលវេលា និងប្រាក់លើការទូទាត់ថ្លៃទឹកភ្លើង បង់កាប្រាក់កម្ចី និងការទូទាត់ផ្សេងៗទៀត។
ក្នុងឱកាសនៃពិធីនោះផងដែ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះធនាគារវីង ដែលបានសហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល តាមរយៈការជួយអនុវត្តគោលនយោបាយគាំពារសង្គម គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ ខែតុលា ឆ្នាំ២០២៣ ដោយសម្រួលក្នុងការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបា។ ការវិវឌ្ឍរបស់ធនាគារវីង បានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើនផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា
