សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាទទួលយកសំណើភាគីបារាំងដោយនឹងអញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានរដ្ឋសភាស្រ្តីនៅបារំាង ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងរកមធ្យោបាយដោះស្រាយបញ្ហានានារបស់ស្រ្តីដែលកំពុងជួបប្រទះ ដែលធ្វើឡើងនៅប្រទេសបារាំង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ ។

ការទទួលយកសំណើខាងលើនេះតាមរយៈជំនួបរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ជាមួយឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នៅវិមានរដ្ឋសភា។
នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បាននាំមកនូវការអញ្ជើញពីលោកជំទាវប្រធានរដ្ឋសភាបារំាង ដែលបានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានសភាជាស្រ្តី នៅប្រទេសបារាំង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ។ វេទិកាដ៏សំខាន់នេះនឹងមានប្រធានសភាជាស្រ្តី នៅទូទាំងពិភពលោកប្រមាណ ៤០ ប្រទេសចូលរួម ដើម្បីពិភាក្សាចែករំលែកនូវឧត្តមានុវត្ត និងស្វែងរកដំណោះស្រាយ ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធិស្រ្តី សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី។

ឯកឧត្តមបញ្ជាក់ថា វត្តមានសម្តេចប្រធានរដ្ឋសភា នៅក្នុងវេទិកានេះមានសារៈសំខាន់បំផុតដល់ការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាចូលរួមរកដំណោះស្រាយបញ្ហានានារបស់ស្រ្តី ដែលបានកំពុងជួបប្រទះ មានជាអាទិ៍ អំពើហិង្សាលើស្រ្តី វិសមភាពការអប់រំ បញ្ហាសុខភាពជាដើម។ កំឡុងពេលចូលរួមវេទិកានេះ សម្តេចប្រធានរដ្ឋសភា ក៏គ្រោងនឹងមានជំនួបជាមួយសមភាគីនៃរដ្ឋសភាបារំាង ដើម្បីជំរុញវឌ្ឍនៈភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នា សម្តេចមហារដ្ឋសភាធិការធិបតី បានទទួលយកការអញ្ជើញនេះ និងបានថែ្លងអំណរគុណដល់ លោកជំទាវប្រធានរដ្ឋសភាបារំាង ដែលបានគោរពអញ្ជើញចូលរួមវេទិកាដ៏សំខាន់នេះ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា នៅក្នុងបរិបទដែលពិភពលោកបានកំពុងជួបប្រទះនូវការប្រទាញប្រទុងគ្នាលើបញ្ហាភូមិសាស្រ្តនយោបាយ ការផ្ទុះឡើងនូវសង្រ្គាម អំពើហិង្សា ព្រមទាំងបញ្ហាជំងឺរាតត្បាតនានា រួមទាំងការប្រែប្រួលអាកាសធាតុផងនោះ បានធ្វើឱ្យស្រ្តី និងកុមារី ងាយនឹងរងគ្រោះជាងគេ ខណៈវេទិកាដែលរដ្ឋសភាបារំាងនឹងរៀបចំនោះ ពិតជាមានសារៈសំខាន់ និងអាចឆ្លើយតបចំពោះបញ្ហាជាក់ស្តែង។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់រដ្ឋាភិបាលប្រទេសបារំាងជួយបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសបារំាងឱ្យបានចំនួនច្រើនឡើង និងជួយលើកកម្ពស់ពាណិជ្ជកម្មប្រទេសទំាងពីរ ជួយកៀរគរអ្នកទេសចរ និងអ្នកវិយោគទុនបារំាងមកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនឡើង ព្រមទំាងជួយលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយ៕ អត្ថបទ៖ សេក ឧត្តម


