សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៩ ធ្នូ) បានចាប់ផ្តើមប្រតិបត្តិការពហុជាតិសាសន៍ដើម្បីការពារពាណិជ្ជកម្មនៅសមុទ្រក្រហម ខណៈដែលការវាយប្រហារដោយពួកសកម្មប្រយុទ្ធយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនធំៗផ្លាស់ប្តូរផ្លូវធ្វើដំណើរ ដោយបង្កឱ្យមានការភ័យខ្លាចនៃការរំខានដល់ពាណិជ្ជកម្មសកល។

ចាប់តាំងពីខែមុន ក្រុមសកម្មប្រយុទ្ធ ហ៊ូទី (Houthi) ដែលគ្រប់គ្រងទឹកដីដ៏ច្រើនក្នុងប្រទេសយេម៉ែន បន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំមកនោះ បានបាញ់យានដ្រូន និងមីស៊ីលទៅកាន់នាវាអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ដោយជាការវាយប្រហារដែលខ្លួននិយាយថា ឆ្លើយតបទៅនឹងការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

នៅសប្តាហ៍នេះ ការវាយប្រហារបានចាប់ផ្តើមធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក ដោយរំខានដល់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលតភ្ជាប់អឺរ៉ុប និងអាមេរិកខាងជើង ជាមួយអាស៊ីតាមរយៈព្រែកជីកស៊ុយអេ។
វិបត្តិសមុទ្រក្រហម ដែលបានរីកធំឡើងចេញពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នេះគឺជាបញ្ហាចុងក្រោយបង្អស់នៅមជ្ឈិមបូព៌ា ដើម្បីរុញច្រានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ និងកងជីវពលអារ៉ាប់ក្នុងតំបន់៕
