អគ្គីភ័យ បានឆាបឆេះរថភ្លើងមួយគ្រឿង ដែលកំពុងធ្វើដំណើរក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃអង្គារ។ មនុស្ស ៤ នាក់បានស្លាប់ រួមមានទាំងកុមារអាយុ ៣ឆ្នាំម្នាក់ និងម្តាយរបស់កុមារ។ រថភ្លើង ដែលធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Dhaka បានចាកចេញពីភាគខាងជើងប្រទេសបង់ក្លាដែស។ រថយន្ត៣គ្រឿង ក៏ត្រូវភ្លើងឆេះផងដែរ។ នគរបាល កំពុងស៊ើបអង្កេតករណីនេះថា អាចជាករណីលួចដុត។

អគ្គិភ័យ បានកើតឡើងមុនការបោះឆ្នោតសកល ដែលគ្រោងនឹងធ្វើនៅខែមករា។ ជាមួយគ្នានេះ ក៏មានការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងមន្ត្រីនគរបាល និងក្រុមអ្នកគាំទ្រគណបក្សប្រឆាំង។ ក្រុមអ្នកគាំទ្របានចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលអ្នកតវ៉ាមួយចំនួន បានធ្វើឲ្យក្លាយទៅជាអំពើហិង្សា ដោយពួកគេបានដុតរថយន្តក្រុង និងរថយន្តផ្សេងទៀត។

រដ្ឋាភិបាល បានប្រកាន់ជំហរតឹងរ៉ឹង និងឃុំខ្លួនសមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំង។ អ្នកគាំទ្រគណបក្សទាំងនោះ បានអំពាវនាវឱ្យធ្វើបាតុកម្មនៅទូទាំងប្រទេស កាលពីថ្ងៃអង្គារ។ ពួកគេចង់ឲ្យមធ្យោបាយធ្វើដំណើរសាធារណៈត្រូវបានបញ្ឈប់ ប៉ុន្តែ ពួកគេបដិសេធថា មិនបានពាក់ព័ន្ធទៅនឹងអគ្គិភ័យឆេះរថភ្លើងនេះទេ។
ក្រុមអ្នកសង្កេតការណ៍និយាយថា សន្តិសុខនៅក្នុងប្រទេសបង់ក្លាដែស អាចធ្លាក់ចុះនៅមុនការបោះឆ្នោតសកល។ នគរបាលបាននិយាយថា ភ្លាមៗនោះ គេនៅមិនទាន់ដឹងច្បាស់ថា តើមានមនុស្សប៉ុន្មាននាក់នៅលើរថភ្លើង ដែលធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Dhaka នោះទេ។
ឧប្បត្តិហេតុសោកនាដកម្មនេះ គឺជារឿងចុងក្រោយបំផុតដែលកើតឡើងក្នុងអំឡុងពេលការធ្វើបាតុកម្មនៅទូទាំងប្រទេស ដែលអំពាវនាវដោយក្រុមប្រឆាំង ដាក់សម្ពាធការទាមទាររបស់ខ្លួនឱ្យរដ្ឋាភិបាលលាលែងពីតំណែង មុនការបោះឆ្នោតសកលនៅខែក្រោយ។