ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងឯកឧត្តម កាវ អ៊ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន វាយតម្លៃខ្ពស់ និងបានសម្តែងការពេញចិត្តជាខ្លាំង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើន នៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
ក្នុងជំនួបជាមួយសម្ដេចវិបុលសេនីភក្តី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កាវ អ៊ីនឡុង បានថ្លែងថា ដំណើរទស្សនកិច្ចនៅកម្ពុជានេះ មានគោលបំណងចំនួន៣ ទី១. ចូលរួមអនុវត្តន៍ជាក់ស្តែង នៃការជំរុញទំនាក់ទំនងចិន-កម្ពុជា និងការជំរុញការកសាងសហគមន៍ជោគវេសនារួម ចិន-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ, ទី២. ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន និងទី៣. ចូលរួមការដាក់ដំណើរការកិច្ចសហប្រតិបត្តិការ កម្ពុជានិងចិន ដើម្បីផលប្រយោជន៍ប្រជាជនក្រោមក្របខ័ណ្ឌប្រតិបត្តិការ ជំរុញការតភ្ជាប់ប្រជាជន និងប្រជាជនតាមផ្លូវសូត្រ ។
ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះមិត្តកម្ពុជា ដែលបានគាំទ្រផលប្រយោជន៍ស្នូលរបស់ចិន និងគាំទ្រចិននៅលើឆាកអន្តរជាតិ ព្រមទាំងគាំទ្រដល់គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់ ដោយឯកឧត្តមសង្ឃឹមថា ការផ្លាស់ប្តូររវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន រវាងសង្គមស៊ីវិល និងរវាងសហគ្រាស នៃប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងពង្រីកឱ្យរឹងមាំ និងល្អប្រសើរថែមទៀត ។
នៅក្នុងឱកាសនោះ សម្តេចប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា ផ្អែកលើមូលដ្ឋានចំណងសាមគ្គីភាព មិត្តភាពដ៏រឹងមាំនេះ មិនអាចមានកម្លាំងណា មកបំបែកបំបាក់នូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនេះបានឡើយ ខណៈឆ្នាំ២០២៣នេះ គឺជាឆ្នាំមិត្តភាព កម្ពុជា-ចិន និងជាខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដោយប្រទេស និងប្រជាជនទាំងពីរ បានរួមគ្នាប្រារព្ធពិធីអបអរសាទរជាច្រើន ដើម្បីបង្កើនការយល់ដឹងពីវប្បធម៌ និងជីវភាពរស់នៅរវាងគ្នាទៅវិញទៅមក ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ។
ក្នុងនាមប្រជាជនកម្ពុជា និងខ្លួនសម្តេចផ្ទាល់ បានថ្លែងនូវអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈការផ្តល់ជំនួយនានា បានធ្វើឱ្យកម្ពុជាមានការវិវត្តដ៏ឆាប់រហ័ស ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា ដោយកម្ពុជាបន្តគោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយចិនតែមួយ ហើយចាត់ទុកប្រទេសចិនជាបងប្អូនល្អ មិត្តភក្តិល្អ ដៃគូល្អ និងជាអ្នកជិតខាងល្អ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ





