ភ្នំពេញ៖ ការស្នើរបស់សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពេលញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាទីន វ៉ាវរ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា នៅវិមានរដ្ឋសភា។
នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បលើកឡើងថា សាធារណរដ្ឋឆែក គឺជាមិត្តល្អ ដែលបានជួយកម្ពុជា តាំងពីគ្រាដែលកម្ពុជាជួបការលំបាកនាដើមទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ។ សាធារណរដ្ឋឆែកបានជួយកម្ពុជាស្ទើគ្រប់វិស័យ ប៉ុន្តែទំនាក់ទំនងកិច្ចសហប្រតិបត្តិការខាងនីតិប្បញ្ញត្តិនៃប្រទេសទំាងពីរនៅមានកម្រិត ដែលគួរពង្រឹងពង្រីកបន្ថែមទៀតនៅពេលនេះ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរមិនត្រឹមនាំមកនូវផលប្រយោជន៍ សេចក្តីសុខ ការរីកចម្រើនសម្រាប់កម្ពុជា និងឆែកនោះទេ តែទំនាក់ទំនងល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងរដ្ឋសភាកម្ពុជា និងឆែក ក្នុងការរួមចំណែកដល់ការកសាងបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពដល់ប្រជាពលរដ្ឋនៅក្នុងសកលលោក។ សម្តេចរដ្ឋសភាធិបតី បន្តថា ការពង្រឹងគោលការណ៍ពហុនិយមមានសារៈសំខាន់នៅក្នុងកាលៈទេសៈដែលពិភពលោកស្ថិតនៅក្នុងស្ថានភាពហានិភ័យខ្ពស់ដូចពេលបច្ចុប្បន្ននេះ។
ជាមួយគ្នា ឯកឧត្តមឯកអគ្គរដ្ឋទូត បានគាំទ្រការលើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់រដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលកំពុងធ្វើការយ៉ាងសកម្ម និងស្វាហាប់នៅក្នុងការដឹកនាំប្រទេសជាតិ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿចិត្តមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី កម្ពុជានឹងទទួលបានការអភិវឌ្ឍកាន់តែឆាប់រហ័ស។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើងទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
បន្ថែមលើនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត គូសបញ្ជាក់ថា បច្ចុប្បន្នឆែកបានកំពុងពិនិត្យសិក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ពីលទ្ធភាពដល់ការជួយអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើន ហើយនឹងគាំទ្រការពង្រឹងពង្រីកទំនាក់ទំនងប្រជាជន និងប្រជាជន ក្នុងការចូលរួមលើកកម្ពស់ផលប្រយោជន៍នៃប្រទេសទាំងសងខាង៕ ដោយ ៖ ឧត្ដម








