ភ្នំពេញ ៖ ទឹកប្រាក់ជិត៥០ម៉ឺនដុល្លារត្រូវបានឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោក KARUBE Masakazu ប្រធានអង្គការ JMAS ប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ និងទទួលលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអង្គការលើគម្រោងគាំទ្រការបោសសម្អាតមីននិងអភិវឌ្ឍន៍តំបន់បោសម្អាតមីនរួចស្ថិតក្នុងស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ និងគម្រោងគាំទ្រការបោសសម្អាតតំបន់គ្រាប់បែកចង្កោម នៅក្នុងខេត្តស្ទឹងត្រែងផងដែរ ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហ ប្រតិបត្តិការ និងភាពជាដៃគូរវាងអង្គការលើគម្រោងគាំទ្រការបោសសម្អាតមីនប្រព្រឹត្តឡើងនៅទីបញ្ជាការ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ក្នុងរាជធានីភ្នំពេញនាថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថា គម្រោងទាំង២នេះជាជំនួយឥតសំណងដែលមានថវិកាសរុបចំនួន ៤៩៩.១៣៥,១០ ដុល្លារអាមេរិក នេះលើកិច្ចការងារសម្រាប់រយៈពេល១២ខែ រាប់ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះរហូត ដល់ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ ។
ឯកឧត្តមបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការនិងការផ្តល់ជាជំនួយនេះជាឆ្នាំទី៣ នៃការអនុវត្តគម្រោងនេះ លើផែនការបោសសម្អាតផ្ទៃដីចម្ការមីននិងគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងទឹកដីខេត្តបន្ទាយ មានជ័យ និងខេត្តស្ទឹងត្រែងសរុបចំនួន៦៣០ហិកតានោះ។
ឯកឧត្តម ហេង រតនា បញ្ជាក់បន្តថា ជាលទ្ធផលក្នុងការ អនុវត្តគម្រោងខាងលើសម្រាប់ឆ្នាំទី១ និងឆ្នាំទី២ កន្លងទៅនេះអង្គភាពCMAC សម្រេចបានរំដោះផ្ទៃដីចម្ការមីននិងគ្រាប់មិនទាន់ផ្ទុះសរុបចំនួន១.១៨៥ហិកតា ។ ដោយក្នុងនោះការរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួន ១.៦៧១គ្រាប់។ហើយផ្តល់ឲ្យប្រជាពលរដ្ឋទទួលផលដោយផ្ទាល់និងដោយប្រ យោលពីការអនុវត្តគម្រោងនេះបានចំនួន៦៤.០១៩នាក់៕ អត្ថបទ ៖ ភារម្យ





