
ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការព្រមានថ្មីអំពីហានិភ័យនៃការបោះឆ្នោតឆ្នាំ២០២៤ ដោយនិយាយថា គណបក្សប្រជាធិបតេយ្យត្រូវតែរួបរួមគ្នា ដើម្បីយកជ័យជម្នះលើលោក Donald Trump ព្រោះបើមិនដូច្នោះទេ ប្រថុយនឹងការបាត់បង់លទ្ធិប្រជាធិបតេយ្យជាមិនខាន។
ដោយថ្លែងទៅកាន់ម្ចាស់ជំនួយ នៅឯកម្មវិធីរៃអង្គាសថវិកា នៅ Bethesda រដ្ឋ Maryland កាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ លោក Biden បានប្រាប់ថា៖ «រាល់ប្រមុខរដ្ឋដែលខ្ញុំបានទាក់ទងជាមួយ បាននិយាយថា អ្នកត្រូវតែឈ្នះ អ្នកត្រូវតែឈ្នះ។ តែគួរឲ្យសោកស្ដាយ ខ្ញុំគិតថា វាពាក់ព័ន្ធនឹងខ្ញុំតិចជាងបុគ្គលដ៏ទៃទៀត»។ ហើយលោកបានបន្ថែមថា៖ «ប្រសិនបើយើងចាញ់ យើងនឹងបាត់បង់អ្វីៗទាំងអស់»។
យុទ្ធនាការរវបស់លោក Biden នេះ បានផ្តោតកាន់តែខ្លាំងទៅលើលោក Trump ខណៈដែលប្រសិនបើមិនមានការប្រែប្រួលទេ ទំនងជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ កំពុងត្រៀមខ្លួនប្រកួតប្រជែងគ្នាម្ដងទៀត គិតពីឆ្នាំ២០២០។ លោកប្រធានាធិបតីបាននិយាយម្តងហើយម្តងទៀតថា ប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេសនេះ កំពុងជាប់គាំង ទោះបីជាការស្ទង់មតិបង្ហាញថា រូបលោក និងលោក Trump មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាក៏ដោយ ខណៈដែលការភាគរយរបស់លោក Biden ធ្លាក់ចុះ។
លោក Biden បាននិយាយនៅមុនមួយស្របក់នៃការចេញសេចក្តីសម្រេចរបស់តុលាការកំពូលរដ្ឋ Colorado ដែលបានដកសិទ្ធិលោក Trump ពីការបោះឆ្នោតបឋមរបស់ប្រធានាធិបតី ក្នុងឆ្នាំ២០២៤ដោយសារតែការមានចំណែករបស់លោក នៅក្នុងការបះបោរ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិក៕