
ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងរបស់ប្រទេសស៊ែរប៊ី រាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ានៅខាងក្រៅគណៈកម្មការបោះឆ្នោតរដ្ឋក្នុងទីក្រុង ប៊ែលក្រាដ (Belgrade) កាលពីថ្ងៃអង្គារ (១៩ ធ្នូ) ខណៈដែលបណ្ដាមេដឹកនាំគណបក្សប្រឆាំងបានធ្វើកូដកម្មអត់អាហារនៅក្នុងទីស្នាក់ការបោះឆ្នោត។
ក្រុមបាតុករស្រែកថា «ក្បត់ជាតិ» និងគ្រវីបដាដែលសរសេរថា «ស៊ែរប៊ីស្ថិតក្នុងភាពងងឹត» និង «ចោរកម្មក្នុងការបោះឆ្នោតគឺជាការវាយប្រហារប្រឆាំងនឹងរដ្ឋ» ព្រមទាំងបានទាមទារឱ្យធ្វើការបោះឆ្នោតសភាមុនអណត្តិកាលពីពេលថ្មីៗនេះឡើងវិញ ស្របពេលមានការចោទប្រកាន់ពីការក្លែងបន្លំការចុះឈ្មោះអ្នកបោះឆ្នោត ការស៊ីសំណូក និងការក្លែងបន្លំលទ្ធផលឆ្នោត។
កាលពីថ្ងៃច័ន្ទ (១៨ ធ្នូ) បេសកកម្មឃ្លាំមើលអន្តរជាតិមួយបាននិយាយថា គណបក្សជឿនលឿនស៊ែរប៊ី (SNS) ដែលកំពុងកាន់អំណាចរបស់ប្រទេសនេះ បានទទួលផលប្រយោជន៍យ៉ាងអយុត្តិធម៌ក្នុងការបោះឆ្នោតតាមរយៈការលំអៀងប្រព័ន្ធផ្សព្វផ្សាយ ឥទ្ធិពលមិនត្រឹមត្រូវរបស់លោកប្រធានាធិបតី អាឡិកសានដារ វូស៊ីក (Aleksandar Vucic) និងភាពមិនប្រក្រតីដូចជាការទិញសន្លឹកឆ្នោតជាដើម។
យោងតាមលទ្ធផលបឋមរបស់គណៈកម្មការបោះឆ្នោតរដ្ឋ ផ្អែកលើការរាប់សន្លឹកឆ្នោតចំនួន ៩៦% នៃការិយាល័យបោះឆ្នោត បានបង្ហាញថា គណបក្សកំពុងកាន់អំណាច ជឿនលឿនស៊ែរប៊ី SNS បានឈ្នះក្នុងសំឡេងឆ្នោត ៤៦,៧២%។ សម្ព័ន្ធគណបក្សប្រឆាំងអំពើហឹង្សារបស់ស៊ែរប៊ី បានជាប់ចំណាត់ថ្នាក់លេខពីរជាមួយនឹងសំឡេងឆ្នោត ២៣,៥៦% និងគណបក្សសង្គមនិយមស៊ែរប៊ី ទទួលបានចំណាត់ថ្នាក់លេខបី ដោយសំឡេងឆ្នោត ៦,៥៦%៕