
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េលែនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (១៩ ធ្នូ) ថាប្រទេសអ៊ុយក្រែន នឹងផលិតយានដ្រូនចំនួនមួយលានគ្រឿងនៅឆ្នាំក្រោយនេះ ដោយបង្កើនកម្រិតផលិតកម្មនាពេលបច្ចុប្បន្ន។
អ៊ុយក្រែន បាននឹងកំពុងប្រឹងប្រែងដើម្បីបង្កើនការផលិតអាវុធក្នុងស្រុករបស់ខ្លួនចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក។ យានដ្រូនកាន់តែដើរតួនាទីសំខាន់នៅលើសមរភូមិ ហើយត្រូវបានប្រើប្រាស់ក្នុងចំនួនច្រើនដោយទាំងទីក្រុងគីវ និងទីក្រុងមូស្គូ។
លោក Zelenskiy បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា «ទាក់ទងនឹងការផលិត យើងនឹងផលិតយន្តយានដ្រូនចំនួនមួយលានគ្រឿងនៅឆ្នាំក្រោយនេះ»។ ក្រុមមន្ត្រីរដ្ឋាភិបាលធ្លាប់បាននិយាយថា អ៊ុយក្រែនមានបំណងផលិតយានដ្រូនរាប់ម៉ឺនគ្រឿងរៀងរាល់ខែនៅចុងឆ្នាំនេះ ប៉ុន្តែមិនមានតួលេខស្តីពីការផលិតយានដ្រូនបច្ចុប្បន្ននោះទេ។
ចាប់តាំងពីសង្គ្រាមចាប់ផ្តើមមក ការផលិតយានដ្រូននៅអ៊ុយក្រែនបានផ្ទុះឡើង ដោយមានក្រុមហ៊ុនរាប់សិបស្ថាប័នកំពុងអភិវឌ្ឍ និងផលិតម៉ូដែលយានដ្រូនផ្សេងៗគ្នា ប៉ុន្តែមេបញ្ជាការយោធាអ៊ុយក្រែនបាននិយាយថា យោធាត្រូវការយានដ្រូនកាន់តែច្រើនបន្ថែមទៀត។
លោក Zelenskiy បានទទួលស្គាល់បញ្ហាប្រឈមនានា ហើយបាននិយាយថា ក្រុមរដ្ឋាភិបាលរបស់ខ្លួន និងយោធា បានធ្វើការលើមធ្យោបាយធ្វើឱ្យប្រសើរឡើង និងធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនក្នុងសម័យសូវៀត និងនីតិវិធីផ្សេងទៀត ដើម្បីធានាបាននូវការផ្គត់ផ្គង់យានដ្រូនលឿនជាងមុន និងងាយស្រួលដល់អង្គភាពប្រយុទ្ធនៅលើសមរភូមិ៕