
យានអវកាស New Shepard របស់ក្រុមហ៊ុនអវកាស Blue Origin ត្រូវបានបាញ់ចេញពីរដ្ឋតិចសាស់ កាលពីថ្ងៃអង្គារ (ទី១៩ ខែធ្នូ) ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន ចាប់តាំងពីបរាជ័យ កាលពីឆ្នាំមុន ដែលបាននាំឲ្យមានការផ្អាករយៈពេល ១៥ខែ។
ការផ្សាយបន្តផ្ទាល់របស់ក្រុមហ៊ុន បានបង្ហាញពីយានអវកាស New Shepard ហោះឡើងពីកន្លែងបាញ់បង្ហោះនៅតំបន់ដាច់ស្រយាល Van Horn របស់ក្រុមហ៊ុន Blue Origin ក្នុងរដ្ឋតិចសាស់ ហើយហោះឡើងដល់ទីអវកាសរយៈពេលប្រមាណជា ២-៣នាទីពីលើដី មុនពេលឧបករណ៍ជំរុញគ្រាប់រ៉ុក្កែតរបស់យានអវកាសវិលមកចុះចតវិញ។
នៅរយៈកម្ពស់ខ្ពស់បំផុត ឧបករណ៍ជំរុញនេះ បានដាក់ពង្រាយការពិសោធន៍ស្រាវជ្រាវចំនួន៣៣ ដោយដាក់ក្នុងក្បាលយានរាងដូចគ្រាប់ស្ករកៅស៊ូ ដែលក៏បានត្រឡប់ចុះមកចតវិញ ដោយឆ័ត្រយោង នៅប៉ុន្មាននាទីក្រោយមក៕