
លោក Donald Trump កាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ បាននិយាយថា លោកមិនដែលអានសៀវភៅ Mein Kampf ដែលរៀបរាប់ពីប្រវត្តិរបស់លោក Adolf Hitler (អាដុល ហ៊ីត្លែរ) នោះទេ ហើយក៏មិនបានដកស្រង់សម្តីមេដឹកនាំផ្តាច់ការអាល្លឺម៉ង់រូបនេះ នៅពេលដែលលោកនិយាយថា ជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងសហរដ្ឋអាមេរិក កំពុងបំពុល និងបំផ្លាញពូជពង្សរបស់សហរដ្ឋអាមេរិក។
នៅកន្លែងជួបប្រជុំគ្នាមួយក្នុងរដ្ឋ Iowa លោក Trump ដែលជាអ្នកនាំមុខគេដោយជាក់ស្ដែង សម្រាប់តំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ បានលើកឡើងវិញម្ដងទៀតនូវភាសា ដែលលោកបានប្រើនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការថ្មីៗនេះ ស្ដីអំពីជនអន្តោប្រវេសន៍ខុសច្បាប់ ដោយការពាក្យពេចន៍នោះត្រូវបានរិះគន់ថា ជាបុគ្គល ដែលស្អប់ខ្ពើមជនបរទេស ហើយស្រដៀងនឹងភាសា ដែលប្រើដោយលោក ហ៊ីត្លែរ។
នៅឯទីក្រុង Waterloo រដ្ឋ Iowa លោក Trump បានប្រាប់អ្នកគាំទ្រថា៖ «វាជាការពិត។ ពួកគេកំពុងបំផ្លាញពូជពង្សប្រទេសរបស់យើង។ «គេមិនចូលចិត្តពេលខ្ញុំនិយាយបែបនោះទេ។ ខ្ញុំមិនដែលអានសៀវភៅ Mein Kampf ទេ»។ លោក Trump បានបញ្ជាក់ថា លោក ហ៊ីត្លែរ បានប្រើភាសា «តាមរបៀបខុសប្លែកគ្នាច្រើនណាស់»។
លោក Trump បានសន្យាថា នឹងបង្រ្កាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងរឹតបន្តឹងការធ្វើអន្តោប្រវេសន៍ស្របច្បាប់ ប្រសិនបើជាប់ឆ្នោតអាណត្តិទី៤ ដែលជាអាណត្តិទី២ របស់លោក។ លោក Trump កំពុងស្ថិតនៅក្នុងរដ្ឋ Iowa នៅមុនការប្រកួតប្រជែងជ្រើសរើសបេក្ខជនតំណែងប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលើកដំបូង ដែលប្រព្រឹត្តទៅក្នុងរដ្ឋនេះ នាថ្ងៃទី១៥ ខែមករា៕