
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់រង្វាន់ដល់ទាហានមួយក្រុម ដែលបានប្រយុទ្ធ នៅអ៊ុយក្រែន ជាមួយនឹងមេដាយផ្កាយមាសកំពូលរបស់ប្រទេស កាលពីថ្ងៃអង្គារ (ទី១៩ ខែធ្នូ)។
បន្ទាប់ពីពិធីនោះ លោកពូទីន បាននិយាយទៅកាន់ទាហានដែលទទួលបានមេដាយទាំងនោះ ដោយលោក បានប្រាប់ថា៖ «ទាំងអស់គ្នា រួមទាំងខ្ញុំផង យើងនឹងធ្វើដំណើរទៅមុខរហូតដល់ទីបញ្ចប់ ដើម្បីការពារផលប្រយោជន៍របស់រុស្ស៊ី»។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលបញ្ជាការការពារជាតិ។
នៅព្រឹកថ្ងៃអង្គារនោះ លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងបន្តនូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ហើយថា រាល់ការប៉ុនប៉ងធ្វើឲ្យមានការបរាជ័យជាយុទ្ធសាស្ត្រលើប្រទេសរុស្ស៊ី មិនទទួលបានផលនោះឡើយ៕