
នៅថ្ងៃពុធនេះ ប្រធានាធិបតីចិនលោក Xi Jinping មាននូវជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin។
លោក Mishustin ស្ថិតក្នុងថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកមកកាន់ប្រទេសចិន ។ អំឡុងជំនួបជាមួយលោក Xi នាយករដ្ឋមន្រ្តីរុស្ស៊ីរូបនេះ បាននិយាយពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង ហើយនិងអ្វីដែលលោកនិយាយថាជាភាពដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំង២ ។
លោក Mishustin និយាយថា កិច្ចប្រជុំកំពូល ២លើកដែលបានធ្វើឡើងនៅក្នុងទីក្រុងម៉ូស្គូ កាលពីខែមីនា និងក្នុងទីក្រុងប៉េកាំងកាលពីខែកញ្ញា បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងបន្ថែមទៀតភាពជាដៃគូយុទ្ធសាស្រ្ត ហើយនិងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងរុស្ស៊ី និងចិន ។
ចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២របស់ពិភពលោក បានក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយ សម្រាប់រុស្ស៊ីដែលស្ថិតក្រោមទណ្ឌកម្មលោកខាងលិច ស្របពេលជម្លោះរុស្ស៊ី-អ៊ុយក្រែននៅបន្ត ។
ទិន្នន័យគយចិនកាលពីពេលថ្មីៗនេះបង្ហាញថា ពាណិជ្ជកម្មចិន-រុស្ស៊ីបានកើនឡើងដល់ ២១៨,២ពាន់លានដុល្លារអំឡុងខែមករា-វិច្ឆិកា ។
ការគណនារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដោយផ្អែកលើទិន្នន័យគយចិន បានឲ្យដឹងថា ការដឹកជញ្ជូនចិនទៅកាន់រុស្ស៊ីបានកើនឡើង ៣៤ភាគរយ ដល់ ១០,៣ពាន់លានដុល្លារក្នុងខែវិច្ឆិកា ពីរយៈពេល ១ឆ្នាំមុន ធ្វើឲ្យអត្រាកំណើនកើនឡើងទ្វេចំនួន ១៧ភាគរយ ៕