
ការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំ បានកើតមាននៅតំបន់ភាគខាងជើងហ្គាហ្សានាព្រឹកថ្ងៃពុធនេះ ពេលដែលការផ្ទុះគ្រាប់បានបំភ្លឺមេឃពេលជិតថ្ងៃរះ ហើយផ្សែងខ្មៅយ៉ាងក្រាស់បានផុសពីលើដែនដីមួយនេះ ។
វីដេអូដែលថតបានពីតំបន់ភាគខាងត្បូងអ៊ីស្រាអែល ឃើញការវាយប្រហារតាមច្រកអាកាសរាប់សិបលើកលើដែនដីប៉ាឡេស្ទីនមួយនេះនៅទូទាំងតំបន់ព្រំដែននាវេលាម៉ោងប្រហែល ៦ព្រឹកម៉ោងក្នុងស្រុក ។
យុទ្ធនាការបោសសម្អាតក្រុមជីវពលហាម៉ាស់ដែលនៅពីក្រោយការសម្លាប់រង្គាលកាលពីថ្ងៃទី ៧ ខែតុលា បណ្តាលឲ្យដែនដីបិទច្រកជាប់តំបន់ឆ្នេរមួយនេះ ក្លាយជាគំនរបាក់បែក ធ្វើឲ្យកើតមានភាពអត់ឃ្លាន និងការបាត់បង់ផ្ទះសម្បែងទ្រង់ទ្រាយធំ ហើយនិងសម្លាប់ពលរដ្ឋនៅតំបន់ហ្គាហ្សាជិត ២ម៉ឺននាក់ ។
ក្រោមសំពាធបរទេសឲ្យជៀសវៀងការសម្លាប់អ្នកគ្មានកំហុស នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា សង្រ្គាមនឹងមិនបញ្ឈប់នោះទេ រហូតដល់ក្រុមហាម៉ាស់ដោះលែងចំណាប់ថ្នូរសេសសល់ ១២៩នាក់ ដែលពួកគេបានចាត់យកទៅកាន់តំបន់ហ្គាហ្សា ហើយក្រុមអ៊ីស្លាមត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ។
ខណៈពេលនោះដែរ ក្រុមមន្ត្រីអង្គការសហប្រជាជាតិ(UN) បានសម្តែងការខឹងសម្បារ និងភាពមិនគួរឲ្យជឿចំពោះស្ថានភាពនៅក្នុងមន្ទីរពេទ្យនានាក្នុងតំបន់ហ្គាហ្សា ជាទីដែលអ្នករងរបួសមិនមានការផ្គត់ផ្គង់មូលដ្ឋាន ហើយកុមារដែលជាសះស្បើយពីការបាត់បង់អវៈយវៈ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលកំពុងបន្ត ។
ដោយឡែក អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា ជិត ៣ភាគ ៤នៃមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា ឬមន្ទីរពេទ្យចំនួន ២៧ទីតាំង ក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៦ទីតាំង លែងដំណើរការដោយសារតែការខូចខាតក្នុងការវាយប្រហារ ការវាយឆ្មក់របស់អ៊ីស្រាអែល ព្រមទាំងកង្វះប្រេងឥន្ធនៈ និងបុគ្គលិក ៕