រដ្ឋមន្រ្ដីប្រចាំរដ្ឋ Tamil Nadu ភាគខាងត្បូងរបស់ប្រទេសឥណ្ឌា បានស្វែងរកឧទ្ធម្ភាគចក្របន្ថែមពីរដ្ឋាភិបាលសហព័ន្ធ សម្រាប់ប្រតិបត្តិការផ្តល់ជំនួយបន្ទាន់ និងជួយសង្គ្រោះ នៅក្នុងតំបន់ដែលកំពុងលិចលង់ក្រោមទឹកជំនន់ នៅកន្លែងដែលមនុស្សរាប់រយនាក់នៅតែជាប់គាំងដំណើរ។
មន្ត្រីបាននិយាយថា ភ្លៀងធ្លាក់មិនធ្លាប់មានក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ បានប៉ះពាល់ធ្ងន់ធ្ងរនៅភាគខាងត្បូងរដ្ឋ Tamil Nadu ជាកន្លែងដែលទឹកបានជន់លិចតំបន់ទំនាប និងប៉ះពាល់ធ្ងន់ធ្ងរដល់បណ្តាញផ្លូវថ្នល់។ លោក Stalin រដ្ឋមន្ត្រីប្រចាំរដ្ឋ បាននិយាយថា មនុស្សជាង ៤ លាននាក់បាននៅឃ្លាតឆ្ងាយ ដោយសារតែទឹកជំនន់។
ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយ ត្រូវបានជំរុញឱ្យធ្វើប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយបន្ទាន់ ក្រៅពីសម្ភារៈជំនួយដែលត្រូវបានប្រមូលនៅទូទាំងរដ្ឋ។ ទោះជាយ៉ាងណា សម្ភារៈទាំងនេះ មិនអាចចែកចាយបានទេ ដោយសារផ្លូវតភ្ជាប់ត្រូវបានជន់លិច។
លោក Stalin បានសរសេរនៅក្នុងសារថា «ដោយសារគ្រោះមហន្តរាយធំធេង និងចំនួនទីជម្រកដ៏ច្រើន ដែលត្រូវគ្រប់គ្រង យើងត្រូវការឧទ្ធម្ភាគចក្របន្ថែមទៀតសម្រាប់ការជួយសង្គ្រោះ និងការចែកចាយជំនួយសង្គ្រោះបន្ទាន់។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងភ្លៀង និងទឹកជំនន់។ លោក Stalin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មនុស្ស ១២.៦៥៣ នាក់ ត្រូវបានជួយសង្គ្រោះ និងបានផ្លាស់ប្តូរទៅកាន់ជំរំសង្គ្រោះចំនួន ១៤១ កន្លែង ជាកន្លែងដែលពួកគេត្រូវបានផ្តល់អាហារ ទឹក ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ផ្សេងៗទៀត។