
ទិន្នន័យពីក្រុមផ្សារភាគហ៊ុនក្រុងឡុងដ្រ៍(LSEG) បង្ហាញថា នាវាពាណិជ្ជកម្មមួយចំនួនដែលធ្វើដំណើរឆ្លងកាត់ដែនទឹកនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រអាដែន បង្ហាញថាពួកគេមានឆ្មាំប្រដាប់អាវុធនៅលើនាវា ។
ក្រុមអ្នកជំនួញសុខចិត្តចាយប្រាក់ ដើម្បីឆ្លើយតបនឹងការវាយប្រហារតាមសមុទ្ររបស់ក្រុមឧទ្ទាមហ៊ូធីយេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ នៅតាមផ្លូវទឹកបូព៌ាខាងលិចដ៏សំខាន់របស់ពិភពលោកមួយនេះ ។
ព័ត៌មានដែលបានបង្ហាញលើទិន្នន័យកម្មវិធីតាមដានការដឹកជញ្ជូនឌីជីថល បានជំនួសឈ្មោះកំពង់ផែគោលដៅ ។
ប្រភពការដឹកជញ្ជូនបានឲ្យដឹងថា ឆ្មាំប្រដាប់អាវុធឯកជន ត្រូវបានដាក់ពង្រាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅលើនាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ដែនសមុទ្រក្រហមទាំងអស់នេះ ហើយនិងជួយទប់ស្កាត់ការវាយប្រហាររបស់ក្រុមចោរសមុទ្រសូម៉ាលី កាលពីរយៈពេល ១ទសវត្សរ៍មុន ។
ក្រុមឧទ្ទាមហ៊ូធីដែលនិយាយថាពួកគេគាំទ្រជនប៉ាឡេស្ទីនស្ថិតក្រោមការឡោមព័ទ្ធរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្រ្ទីប បានលូកដៃចូលជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់ តាមរយៈការវាយប្រហារនាវានៅតាមផ្លូវដឹកជញ្ជូនដ៏ចាំបាច់មួយនេះ ហើយនិងបានវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើប្រទេសអ៊ីស្រាអែល ដែលមានចម្ងាយជាង ១.៦០០គ.មពីរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន ។
សូមបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធីលើនាវាដឹកជញ្ជូននៅក្នុងសមុទ្រក្រហម បានបង្កើនការរំខានមួយទៀតលើពាណិជ្ជកម្មអន្តរជាតិ បន្ទាប់ពីការចលាចលនៃជំងឺរាតត្បាតសកល COVID-19 ហើយបានជំរុញឲ្យកងកម្លាំងអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ល្បាតដែនទឹក នៅជិតប្រទេសយេម៉ែន ៕