
សង្រ្គាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា បានធ្វើឲ្យជំរំជនភៀសខ្លួននៅតំបន់សាហារ៉ាខាងលិខរបស់អាហ្វ្រិកទទួលបានជំនួយតិចតួចជាងមុន ។
អ្នកស្រី Mananha វ័យ ៣០ឆ្នាំដែលរស់នៅក្នុងជំរំ Samra ស្ថិតក្នុងប្រទេសសារ៉ាវី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នៅក្នុងជំរំជនភៀសខ្លួនរបស់គាត់ដែលជាទីជម្រកសម្រាប់មនុស្សប្រហែល ១៧៥.០០០នាក់ ជីវិតរស់នៅប្រចាំថ្ងៃពិតជាជួបការលំបាកខ្លាំងណាស់ ។
អ្នកស្រី Mananha និយាយថា ពេលដែលសង្រ្គាមអ៊ុយក្រែនចាប់ផ្តើម ហើយបន្ទាប់មកសង្រ្គាមនៅប៉ាឡេស្ទីន ជំនួយមនុស្សធម៌ ពួកយើងទទួលបានកាន់តែតិចជាងមុន ។ អ្នកស្រីថា ស្បៀងអាហារតិចតួចបំផុតត្រូវបានផ្គត់ផ្គង់ដោយទីភ្នាក់ងារមនុស្សធម៌ ។
ជនភៀសខ្លួនសារ៉ាវី រស់នៅក្នុងជំរំចំនួន ៦ គឺជំរំ Rabuni, Bojador, Smara, Auserd, El Aaiun និងជំរំ Dakhla ។
ប្រទេសម៉ារ៉ុក បានចាត់ទុកតំបន់សាហារ៉ាខាងលិចថាជារបស់ខ្លួន ប៉ុន្តែចលនាឯករាជ្យគាំទ្រដោយអាល់ហ៊្សេរី គឺក្រុមរណសិរ្ស Polisario ទាមទាររដ្ឋអធិបតេយ្យភាព ហើយនិងបានធ្វើសង្រ្គាមដណ្តើមឯករាជ្យ ជាហេតុបណ្តាលឲ្យមានលំហូរជនភៀសខ្លួនពីដែនដីជម្លោះយូរបំផុតរបស់អាហ្រ្វិកមួយនេះ ។
តំបន់សាហារ៉ាខាងលិច បានស្ថិតក្នុងស្ថានភាពជាប់គាំងការទូតអស់រយៈពេលជាង ២០ឆ្នាំមកហើយ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានរវាងក្រុមរណសិរ្ស Polisario និងប្រទេសម៉ារ៉ុក ៕