
ស្របពេលដែលសង្រ្គាមនៅតែបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅព្រឹកថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ហ្គាហ្សា បានរួសរាន់បញ្ជូនអ្នករស់រានពីការវាយប្រហារទៅកាន់មន្ទីរពេទ្យនៅទីក្រុង Khan Younis ។
កុមារស្ថិតនៅក្នុងចំណោមអ្នករងរបួស ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលបានកម្ទេចផ្ទះមួយខ្នងនៅទីក្រុង Khan Younis ។ ជនរងគ្រោះ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ Nasser ដែលមានមានអ្នកជំងឺច្រើនលើសចំណុះរួចស្រាប់ទៅហើយ ។
នៅព្រឹកថ្ងៃពុធនេះដែរ ភាគច្រើននៃអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែល បានត្រៀមបញ្ចុះសាកសពផងដែរ ដោយក្រុមគ្រួសារ និងសាច់ញាតិរបស់ពួកគេ ។
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃអង្គារថា ជនប៉ាឡេស្ទីន ១៩.៦៦៧នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៥២.៥៨៦នាក់ផ្សេងទៀត បានរងរបួសនៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។
ដោយឡែក ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) បាននិយាយថា ជាង ៦០ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ហ្គាហ្សា ត្រូវបានបំផ្លិចបំផ្លាញ ឬរងការខូចខាត ហើយជាង ៩០ភាគរយនៃពលរដ្ឋ ២,៣លាននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅស្ថាន ៕