
អ្នកភូមិនៅតំបន់រងគ្រោះដោយសារការរញ្ជួយដី ស្ថិតក្នុងខេត្តភាគពាយព្យកាងស៊ូ ប្រទេសចិន បានប្រឈមនឹងអាកាសធាតុត្រជាត់ និងកង្វះខាតការផ្គត់ផ្គង់ ។
រូបភាពវីដេអូឃ្លីបពីយានដ្រូន ឃើញការខូចខាតទ្រង់ទ្រាយធំ រយៈពេលប៉ុន្មានថ្ងៃក្រោយការរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានអង្រួនតំបន់មួយនេះ ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋរាប់ម៉ឺនខ្នង និងបានសម្លាប់មនុស្សយ៉ាងហោច ១៣១នាក់ ។
ក្រុមអ្នកស្ម័គ្រចិត្ត បានត្រៀមរួចរាល់នូវគ្រឿងផ្គត់ផ្គង់សង្រ្គោះបន្ទាន់ដល់មនុស្សជម្លៀសខ្លួន ប៉ុន្តែការងើបឡើងវិញពីការរញ្ជួយដីជួបការលំបាកខ្លាំងដោយសារតែស្ថានភាពអាកាសធាតុចុះត្រជាក់ខ្លាំងនៅតាមតំបន់ភាគច្រើនទូទាំងប្រទេសចិន ពេលដែលសីតុណ្ហភាពនៅក្នុងខេត្តកាងស៊ូ ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី បានធ្លាក់ចុះរហូតដល់ដក ១៥អង្សាសេ(-15 °C) ។
ក្រុមអាជ្ញាធរ និយាយថា នៅខេត្តកាងស៊ូ មនុស្ស ១១៣នាក់ ត្រូវបានរកឃើញថាស្លាប់ គិតត្រឹមវេលាម៉ោង ៩ព្រឹកថ្ងៃពុធ ហើយមនុស្ស ៧៨២នាក់ផ្សេងទៀត រងរបួស ។
ដោយឡែក ចំនួនមនុស្សស្លាប់នៅខេត្តជិតខាងឈីងហៃ បានកើនឡើងដល់ ១៨នាក់ ក្នុងនោះមនុស្ស ១៩៨នាក់ បានរងរបួស គិតត្រឹមវេលាម៉ោង ៥ និង ៣០ព្រឹកថ្ងៃពុធ ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋ បានឲ្យដឹងថា នៅខេត្តកាងស៊ូ ផ្ទះសម្បែងប្រជាពលរដ្ឋជាង ២០៧.០០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ ហើយផ្ទះជិត ១៥.០០០ខ្នង បានបាក់រលំ ធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង ១៤៥.០០០នាក់ ៕