
សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីជុំវិញសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដោយផ្តោតលើឧស្សាហកម្មពេជ្រដែលរកកម្រៃបានច្រើន មន្ត្រី និងអង្គការជាង ១៤០និងបិទខ្ទប់មធ្យោបាយគេចពីច្បាប់ដែលទីក្រុងមូស្គូ បានប្រើដើម្បីគេចចេញពីវិធានការដាក់ទណ្ឌកម្មពីមុន។
នេះគឺជាជុំទី ១២ នៃទណ្ឌកម្ម និងការរឹតបន្តឹង ដែលសហភាពអឺរ៉ុប បានដាក់ទៅលើប្រទេសរុស្ស៊ី ចាប់តាំងពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យកងទ័ពរបស់ខ្លួនចូលទៅក្នុងអ៊ុយក្រែន កាលពីជិត ២ឆ្នាំមុន។ វិធានការនេះ បានកំណត់គោលដៅលើវិស័យថាមពល ធនាគារ ក្រុមហ៊ុន និងទីផ្សារ ហើយបានធ្វើឲ្យមន្ត្រីរុស្ស៊ីជាង ១.០០០នាក់ទទួលរងនូវការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរ។
ទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប បាននិយាយថា វិធានការចុងក្រោយបង្អស់ នឹង «ផ្តល់ផលប៉ះពាល់បន្ថែមទៀតដល់សមត្ថភាពរបស់លោកពូទីន ក្នុងការធ្វើសង្គ្រាមដោយកំណត់គោលដៅលើវិស័យដែលមានតម្លៃខ្ពស់នៃសេដ្ឋកិច្ចរបស់រុស្ស៊ី និងធ្វើឲ្យមានការលំបាកបន្ថែមទៀត ក្នុងការជៀសផុតពីទណ្ឌកម្មរបស់សហភាពអឺរ៉ុប»។
ការនាំចូល ទិញ ឬការផ្ទេរពេជ្រ និងគ្រឿងអលង្ការធម្មជាតិ និងសំយោគដែលមិនមែនជាឧស្សាហកម្មរបស់រុស្ស៊ី នឹងត្រូវបានហាមឃាត់ ចាប់ពីថ្ងៃទី១ ខែមករា។ ការហាមឃាត់នេះ អនុវត្តចំពោះពេជ្រដែលមានដើមកំណើត នៅក្នុងប្រទេសរុស្ស៊ី នាំចេញពីប្រទេសរុស្ស៊ី និងឆ្លងកាត់ប្រទេសរុស្ស៊ី ក៏ដូចជាពេជ្ររុស្ស៊ីដែលបានកែច្នៃ នៅកន្លែងផ្សេងទៀត។